
ដោយ៖ វិចិត្រ
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះហេតុផល និងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយព្រឹទ្ធសភាថៃ។ ប្រតិកម្មរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជានៅពេលនេះធ្វើឡើង បន្ទាប់សារព័ត៌មានក្នុងស្រុកថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយអំពីហេតុផល៦ចំណុច ដែល ឈានទៅដល់ការលុបចោលMOUឆ្នាំ២០០០ ដែលលើកឡើងដោយសមាជិកព្រឹទ្ធសភាថៃ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី២៦ ខែមីនានេះ បានប្រកាស បដិសេធ និងច្រានចោលទាំងស្រុងចំពោះហេតុផល និងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលថាការណ៍នេះធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយពីច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផល ដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមក។
លោក Noppadon Inha ជាសមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចនៃព្រឹទ្ធ សភាថៃ ដែលសិក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោលអនុស្សារណៈយោគ យល់ឆ្នាំ២០០០ និង២០០១ បានអះអាងពីហេតុផលចំនួន៦ចំណុចក្នុងការឈានទៅលុប ចោល MOU ឆ្នាំ២០០០ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ សមាជិកព្រឹទ្ធសភារូបនេះ បានអះអាង ថា MOUឆ្នាំ២០០០មានចំណុចខ្វះខាត និងឆកល្វែងខ្វះការត្រួតពិនិត្យ។ ក្នុងនោះបើតាមលោក Noppadon Inha ហេតុផលទាំងនោះមានដូចជា ការទទួលយកផែនទីខ្នាត១/២០០,០០០របស់កម្ពុជា ផ្ទុយនឹងផែនទីខ្នាត ១/៥០,០០០របស់ថៃដែលបង្កើតឱ្យមានបញ្ហាក្នុងការកំណត់ព្រំដែន។ MOUនេះ មិនធ្លាប់បានត្រួតពិនិត្យដោយសភាថៃ។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣របស់កម្ពុជា តម្រូវឱ្យប្រើប្រាស់ផែនទីខ្នាត ១/១០០,០០០ ដែលជាហេតុថា ផែនទី ដែលផលិតក្រោមអនុស្សារណៈយោគយល់ឆ្នាំ២០០០ មិនត្រូវបានទទួលស្គាល់ពីភាគីកម្ពុជា។ ក្នុងរយៈពេល២៦ឆ្នាំនៃការចូលជាធរមាន MOUឆ្នាំ២០០០បានដោះស្រាយបញ្ហាព្រំដែនគោក រវាងកម្ពុជា និងថៃតិចតួចបំផុត។ ការប៉ះទង្គិចព្រំដែនចំនួន ២ដងក្នុង ឆ្នាំ២០២៥ បានបង្ខំចិត្តឱ្យ ថៃត្រូវពឹងផ្អែកទាំងស្រុងលើសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការព្រំដែនទូទៅ ដែល កងទ័ពទាំងសងខាងត្រូវឈរជើងលើទីតាំងបច្ចុប្បន្ន និងថាកម្ពុជា បានបរាជ័យក្នុងការអនុវត្ត MOU ឆ្នាំ២០០០ ដោយបង្កឱ្យមានភាពតានតឹង និងបង្កើតព័ត៌មានក្លែងក្លាយជុំវិញបញ្ហាព្រំដែន។
ដោយឡែកអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានសង្កត់ធ្ងន់ថា ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែល មានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ។
ជុំវិញនៃបញ្ហានេះអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានធ្វើការស្រាយបំភ្លឺ និងបញ្ជាក់ថា MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ថៃ និងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅ ចុះបញ្ជី និង តម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជា សន្ធិសញ្ញា ឬ កិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែន ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់ អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់បន្តថា តាមគោលការណ៍ ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផល ច្បាប់ និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នៃ អនុសញ្ញាទីក្រុងប៉ែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ1969)។
MOU ឆ្នាំ២០០០ បានផ្តល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃ ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ១៩០៧, ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ ព្រំដែនឥណ្ឌូចិន-សៀម, កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។ ជាក់ស្តែង នាពេលកន្លងមក គណៈកម្មការ JBC នៃភាគីទាំងពីរសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានដូចជា ការស្វែងរុករកទីតាំង ពិតប្រាកដនៃ បង្គោលព្រំដែនសម័យបារាំងទាំង៧៤ ការជួសជុលនិងថែទាំបង្គោលព្រំដែនសម័យបារាំង ដែលបានឯកភាពគ្នា ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ការកសាងបណ្តាញបង្គោលប្រឹថពី វិភាគរួមកម្ពុជា-ថៃ និងការងារវាស់វែងលម្អិតនៅតាមច្រកទ្វារព្រំដែនជាដើម។
ជាមួយគ្នានេះអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាដែលតែងតែប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគី ដែលមានស្រាប់ ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តជំរុញការអនុវត្តការងារ វាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយភាគីថៃ ឱ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕
កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី
របាយការណ៍របស់ CDRI និង ERIA ថា ពលករខ្មែរដែលមកពីថៃជាង ៦០ម៉ឺននាក់មានការងារធ្វើ
កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣
កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET
កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះវិហារជាទីតាំងយោធា
នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពដាក់កុងតឺន័ររបស់កងកម្លាំងយោធាថៃនៅតំបន់អានសេះ
អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា
13 ម៉ោងមុន
ម្សិលមិញ ម៉ោង 01:30:PM
ម្សិលមិញ ម៉ោង 10:43:AM
27-គុម្ភះ-2026 - ម៉ោង 04:30:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា