
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជា នឹងបន្តឆ្ពោះទៅរកយន្តការច្បាប់អន្តរជាតិ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ដោយមិនចង់ឃើញការបង្កើតយន្តការចរចាទ្វេភាគីថ្មីណាមួយជាមួយថៃឡើយ បន្ទាប់ពីភាគីថៃបានលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU 2001) ដោយឯកតោភាគី។
តាមរយៈសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេច ហ៊ុន សែន បានរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យប្រកាន់ជំហរច្បាស់លាស់របស់ខ្លួនលើបញ្ហាសមុទ្រជាមួយថៃ និងបន្តដំណើរទៅរកយន្តការអន្តរជាតិដោយផ្ទាល់។ ប្រមុខរដ្ឋស្ដីទីបានសរសេរថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មានសារព័ត៌មានថៃមួយបានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីការលុបចោល MOU 2001 ភាគីទាំងពីរត្រូវដំណើរការក្នុងក្របខ័ណ្ឌនៃអនុសញ្ញា ដែលមានច្រើនដំណាក់កាល ហើយ «វិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន»។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើការចុះផ្សាយនោះពិតជាសម្តីរបស់រដ្ឋមន្ត្រីការបរទេសថៃមែន នោះការលើកឡើងអំពីការចរចាទ្វេភាគីថ្មី គឺផ្ទុយស្រឡះពីសកម្មភាពជាក់ស្តែងរបស់ភាគីថៃ ដែលបានលុបចោល MOU 2001 ដោយឯកតោភាគី។
សម្តេចបានមានប្រសាសន៍ថា៖ «ពាក្យថា “វិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន” វាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU 2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយ សម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា»។
ប្រមុខរដ្ឋស្ដីទីកម្ពុជា ក៏បានរំលឹកថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចធ្លាប់បានអំពាវនាវរួចម្តងហើយ មិនឱ្យបង្កើតយន្តការទ្វេភាគីថ្មីណាមួយ ដើម្បីជំនួសយន្តការចាស់ដែលថៃបានលុបចោល។ សម្តេចបានបញ្ជាក់បន្ថែមថា៖ «យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឱ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ»។
យោងតាមការចុះផ្សាយរបស់ The Star នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ បានប្រកាសថា ភាគីថៃ «មិនទទួលស្គាល់» ការដែលកម្ពុជាយកអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 44) ទៅចុះបញ្ជីជាឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រនោះទេ។
លោក ស៊ីហាសាក់ បានថ្លែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថា កម្ពុជា និងថៃ គួរតែធ្វើការចរចាអំពីតំបន់សមុទ្រត្រួតស៊ីគ្នា «ក្រោមក្របខណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)» ប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា និងថៃ សុទ្ធតែជារដ្ឋភាគីនៃ UNCLOS ឆ្នាំ១៩៨២ ហើយអនុសញ្ញានេះ គឺជាគោលការណ៍ច្បាប់អន្តរជាតិ ដែលអាចប្រើប្រាស់សម្រាប់ដោះស្រាយវិវាទ និងការចរចានាពេលអនាគត។
លោកបានថ្លែងថា៖ «ចំពោះ MoU 44 យើងបានលុបចោលរួចហើយ»។ លោកបានបន្ថែមថា ការចរចាក្រោម UNCLOS អាចជួយឱ្យដំណើរការមានលក្ខណៈស្ថាបនា និងជៀសវាងការខ្ជះខ្ជាយពេលវេលា ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរ នៅមិនទាន់អាចសម្រេចថា នឹងប្រើប្រាស់យន្តការណាមួយជាក់លាក់នៅឡើយទេ។ ក្នុងបទសម្ភាសន៍ដដែល លោក ស៊ីហាសាក់ ក៏បានបដិសេធចំពោះការអះអាងថា កម្ពុជាបានយក MoU 44 ទៅចុះបញ្ជីជាភស្តុតាងទាក់ទងនឹងបន្ទាត់ព្រំដែនសមុទ្រ ដែលអាចប៉ះពាល់ដល់កោះកូដ (Koh Kut) របស់ថៃ។
លោកបានអះអាងថា ការអះអាងបែបនេះ «មិនអាចឈរជើងបានក្រោម UNCLOS» ព្រោះបញ្ហាព្រំដែនសមុទ្រត្រូវតែពិនិត្យទៅតាមច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិដែលទទួលស្គាល់ជាសកល។ លោកក៏បានបន្ថែមថា លោកមិនដឹងថា កម្ពុជាបានចុះបញ្ជីឯកសារអ្វី ឬអនុវត្តតាមនីតិវិធីបែបណានោះទេ ប៉ុន្តែលោកដឹងតែថា ថៃ និងកម្ពុជា នឹងបន្តការចរចាក្រោម UNCLOS។
ការវិវត្តថ្មីនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ សម្រេចលុបចោល MoU ឆ្នាំ២០០១ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដែលជាក្របខ័ណ្ឌសម្រាប់ការចរចាពាក់ព័ន្ធនឹងតំបន់សមុទ្រត្រួតស៊ីគ្នា និងធនធានប្រេងឧស្ម័នក្នុងឈូងសមុទ្រថៃ។ ជាមួយគ្នានេះ កម្ពុជាកំពុងជំរុញការប្រើប្រាស់យន្តការ «ការផ្សះផ្សារដោយបង្ខំ» (Compulsory Conciliation) ក្រោម UNCLOS ខណៈភាគីថៃវិញ នៅតែផ្តោតលើការចរចាទ្វេភាគីជាចម្បង។
អ្នកវិភាគមួយចំនួនមើលឃើញថា ការបញ្ជាក់ជំហររបស់សម្តេច ហ៊ុន សែន នៅពេលនេះ គឺជាសារនយោបាយដ៏ច្បាស់លាស់មួយ បង្ហាញថា កម្ពុជា មិនមានបំណងវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌចរចាទ្វេភាគីថ្មីទៀតឡើយ បន្ទាប់ពីភាគីថៃបានបញ្ចប់ MoU 2001 ដោយឯកតោភាគី ហើយកម្ពុជានឹងផ្តោតលើយន្តការច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងសិទ្ធិសមុទ្ររបស់ខ្លួន។
ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ
សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ
កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ
កម្ពុជាអះអាងថាកម្លាំងយោធាថៃបានផ្ទុះអាវុធ ៥លើក នៅច្រកអូរស្មាច់ អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស
ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា
យោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាក្រៅផ្លូវការបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងនានាកន្លងមក
កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពយោធាថៃបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់លើអធិបតេយ្យកម្ពុជា
7 ម៉ោងមុន
ម្សិលមិញ ម៉ោង 10:26:AM
11-ឧសភា-2026 - ម៉ោង 10:02:AM
08-ឧសភា-2026 - ម៉ោង 01:28:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា