សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារ​ទំ​នាក់ទំនង​ព័ត៌​មាន​​ថៃ

6 ម៉ោងមុន

ដោយ៖ វិចិត្រ

 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់​ក្រសួងការពារជាតិកម្ពុជា បានធ្វើ​លិខិតតវ៉ាអំពី​ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃមកលើកម្ពុជាទៅ​ក្រុម​ការ​ងា​រ​​ទំនាក់​ទំនង​​ព័ត៌មានថៃ JIC Thai។  

 

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួននៅតែបន្តចុះផ្សាយព័ត៌មាន​មិន​ពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា “បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ”។

 

ឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានថៃខាងលើនេះ អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​កម្ពុជា លោកស្រី ម៉ាលី សុជាតា បានច្រាន​ចោល​ទាំងស្រុង និងយ៉ាងដាច់ខាត ហើយ​ថា​នេះ​គឺជាការចោទប្រកាន់​ដែលគ្មាន​មូលដ្ឋានភស្តុតាង​ណាមួយឡើយ។

 

ក្នុងន័យនេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្សព្វផ្សាយខាងលើថា ជា​ព័ត៌​មាន​មិន​ពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់​សា​ធា​រណ​មតិ និង​បង្ក​ភាពតានតឹងតាមបណ្តោយព្រំដែន ហើយខ្លួនមិនអាចទទួលយកបានឡើយ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និង​បង្កហានិភ័យ​ដល់​សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែន និងស្នើឱ្យ​សារ​​ព័ត៌មាន​​ថៃ​កែ​តម្រូវ​ជាបន្ទាន់។

 

ក្នុងនេះដែរ លោកស្រី ម៉ាលី សុជាតា បានធ្វើការអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះ​ផ្សាយ​ព័ត៌មាន​មួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់​ពេញ​លេញ និងដោយស្មោះត្រង់ សុចរិត នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបាន​ឯក​ភាព​គ្នា​កន្លងមក ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅ​រក​ប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

ព័ត៌មានទាក់ទង

កម្ពុជាប្រគល់ជនជាតិថៃម្នាក់ លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជាជូនភាគីថៃ កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារ​ទំ​នាក់ទំនង​ព័ត៌​មាន​​ថៃ ក្រសួងវប្បធម៌តវ៉ា  ការដាក់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវត្ថុដទៃទៀត  ក្នុងបញ្ជីបូជនីយដ្ឋានជាតិរបស់ប្រទេសថៃ ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ រដ្ឋសភាអនុម័តជាផ្លូវការដោយសំឡេងគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់«កាតព្វកិច្ចយោធា» សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ កម្ពុជាអះអាងថាកម្លាំងយោធាថៃបានផ្ទុះអាវុធ ៥លើក នៅច្រកអូរស្មាច់ អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម