សារព័ត៌មានបៃតងប៉ុស្តិ៍

របាយការណ៍របស់ CDRI និង ERIA ថា ពល​ករ​ខ្មែរ​ដែល​​មកពីថៃជាង ៦០ម៉ឺននាក់​មានការងារធ្វើ

13 ម៉ោងមុន

ដោយ៖ កែវ រតនៈ

វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍កម្ពុជា(CDRI) និងវិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋ​កិច្ច​អាស៊ាន និងអាស៊ីបូព៌ា(ERIA) បានផ្សាយ​របាយ​ការណ៍​សិក្សា​ស្រាវជ្រាវរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈការផ្គូផ្គងការងារ​ទ្រង់​ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៌​ការ​ងារ​ចល័ត និងការពង្រីក​កម្មវិធីអប់រំ​បណ្តុះ​បណ្តា​ល​បច្ចេ​ក​ទេស និងវិជ្ជាជីវៈ(TVET)។

 

វិទ្យាស្ថាន CDRI និង ERIA បានឱ្យដឹងថា៖«អតីត​ពល​ករខ្មែរ​​ដែលបាន​វិលត្រឡប់​មកធ្វើ​ប្រទេសថៃ​ប្រមាណ​ជាង ៦០ម៉ឺននាក់ទទួលបានឱកាស​ការងារតាម​រយៈ​ការ​ផ្គូផ្គង​ការងារទ្រង់ទ្រាយធំ ដែលចូល​ធ្វើការងារ​នៅតាម​បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស។ ពួកគាត់ទទួល​បានការងារ​តាមរយៈ​វេទិកា​ការងារ កម្មវិធីពិរ​ព័ណ៍​ការ​ងារ​ចល័ត និងការពង្រីកកម្មវិធី TVET កាន់តែ​ទូលំ​ទូលា​យ​»។

 

វិទ្យាស្ថានទាំងពីរបានបន្តថា កិច្ចខិតខំប្រឹងប្រែង​ទាំង​នេះ​បង្ហាញពីវឌ្ឍន​ភាពគួរឱ្យកត់​សម្គាល់​ក្នុង​ការធ្វើសមា​ហរ​ណ​កម្ម​ទីផ្សារ​ការ​ងារ និងឆ្លុះ​បញ្ចាំង​ពីភាពរឹង​មាំរបស់​ស្ថា​ប័ន​ជាតិក្នុង​ការឆ្លើយ​តបទៅ​នឹងការ​ប៉ះពាល់​កម្លាំ​ងពលក​ម្មដែល​មិន​ធ្លាប់​មាន​ពី​មុនមក។

 

ជុំវិញការចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានទាំងពីរនេះ លោក ស៊ុន មេសា អ្នកនាំ​ពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈបានឱ្យដឹងថា របាយការណ៍ដែលរកឃើញដោយវិទ្យាស្ថាន​ទាំង​ពីរ​នេះ​មាន​លក្ខណៈប្រហាក់ប្រហែល​ទៅនឹងរបាយការណ៍របស់​ក្រសួង​​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្ដែ​អាច​ទទួល​យកបាន។

 

សម្រាប់របាយការណ៍របស់ក្រសួងការងារ គិតត្រឹម​ពេល​នេះ អតីតពលករ ៦៥ម៉ឺននាក់ហើយ ដែលមានការងារធ្វើ ដោយក្នុងនោះអតីតពលករប្រមាណជាង ៣៣ម៉ឺន​នាក់​ទទួលបានការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កសិដ្ឋានធំៗ ព្រមទាំង​ទទួលបាន​របបសន្ដិ​សុខ​សង្គម ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀត បានធ្វើការនៅតាមការដ្ឋានសំណង់ សិប្បកម្ម ភោជ​នីយ​ដ្ឋាន កសិដ្ឋាន និងកន្លែងលក់​ដូររាយនៅតាម​មូលដ្ឋាន​របស់​ពួកគាត់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា​។

 

លោកបញ្ជាក់ថា៖«ខ្ញុំបានឃើញរបាយការណ៍របស់វិទ្យាស្ថានទាំងពីរនេះ គឺមានលក្ខណៈ​ប្រហាក់​ប្រហែល​គ្នាជា​មួយ​តួលេខរបស់ក្រសួង ប៉ុន្ដែយើងអាចទទួលយកបាន ដែល​សមស្របទៅតាមអ្វីដែលរាជរដ្ឋាភិបាល ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើកន្លងមក»។

 

បើតាមលោក ស៊ុន មេសា របាយការណ៍របស់ CDRI និង ERIA មានលក្ខណៈអាចទទួលយកបាន និងតំណាង​ឱ្យ​បទ​ពិសោធន៍ ដែលអាច​វាយតម្លៃ​ជារួមចំពោះ​អតីត​ពលករដែលវិលត្រឡប់មកពីថៃ ខណៈ​ដែល​លោក​មើល​ឃើញថា របាយការណ៍របស់សង់ត្រាល់ មិនមាន​សុក្រឹត​ភាពត្រឹមត្រូវ ដោយសារបញ្ហា​បច្ចេកទេស​នៃការ​ស្ទង់​មតិ ដែលនាំឱ្យរបាយការណ៍នេះមិនអាចឆ្លុះបញ្ចាំង ឬសន្និដ្ឋានជារួមទៅលើអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃបានទេ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺ​ជាឧបសគ្គ​ដល់​ការដោះស្រាយ​បញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី របាយការណ៍របស់ CDRI និង ERIA ថា ពល​ករ​ខ្មែរ​ដែល​​មកពីថៃជាង ៦០ម៉ឺននាក់​មានការងារធ្វើ កម្ពុជាទាត់ចោលការចោទប្រកាន់របស់ប្រទេសថៃដែលថាខ្លួនត្រៀមផ្ទុះអាវុធលើកទី៣ កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET កម្ពុជាបដិសេធការចោទប្រកាន់របស់អ្នកការទូតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទ ព្រះ​វិហារជាទីតាំងយោធា នាវាកងទ័ពជើងទឹកថៃបំពានដែនទឹក និងចាប់អ្នកនេសាទកម្ពុជា៣នាក់ក្នុងដែនសមុទ្រកម្ពុជា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពដាក់កុងតឺន័ររបស់កងកម្លាំងយោធាថៃនៅតំបន់អានសេះ អង្គការសង្គមស៊ីវិលមួយចំនួនគ្រោងដាក់ពាក្យបណ្ដឹងតាមយន្តការអន្តរជាតិករណីការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម