
អត្ថបទ៖ សហការ
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។
បើតាមឯកឧត្តមរដ្ឋលេខាធិការ គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សាជំនាញសរុបចំនួន៨០,៥៩៤នាក់(ស្រីចំនួន៣២,០៥៩នាក់)។ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្សបានបញ្ចប់ការសិក្សាសរុបចំនួនជាង១ម៉ឺននាក់។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ចាប់តាំងពីបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុល ជាងនេះទៀតក្រុមការងារក៏បានចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ទ្រង់ទ្រាយធំ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតប័ណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។
ឯកឧត្តមបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។
សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕



រូបភាព៖ ក្រសួងការងារ
កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ
ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ
សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ
កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ
កម្ពុជាអះអាងថាកម្លាំងយោធាថៃបានផ្ទុះអាវុធ ៥លើក នៅច្រកអូរស្មាច់ អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស
ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា
15-ឧសភា-2026 - ម៉ោង 11:16:AM
13-ឧសភា-2026 - ម៉ោង 11:00:AM
13-ឧសភា-2026 - ម៉ោង 10:00:AM
12-ឧសភា-2026 - ម៉ោង 10:26:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា