
ដោយ៖ វិចិត្រ
បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋចំនួន១០គ្រួសារនៅក្នុងសហគមន៍ខ្នងក្រពើលិច ស្ថិតក្នុងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឈានដល់ផ្លូវប្រសព្វ ខណៈប្រជាសហគមន៍ទាំងនោះស្ម័គ្រចិត្តព្រមទទួលយកការដោះដូរដីពីសំណាក់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់។
បើទោះជាព្រមទទួលយកការដោះដូរលំនៅឋានទៅតាមសំណើរបស់ក្រុមហ៊ុនយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាប្រជាពលរដ្ឋ១០គ្រួសារនោះហាក់បង្ហាញពីការមិនសូវសប្បាយចិត្តប៉ុន្មានឡើយ។ មិនសប្បាយចិត្តក៏ព្រោះតែពួកគាត់ត្រូវកសាងជីវិតថ្មីនៅលើទីតាំងថ្មី ដោយប្រឈមនឹងការខ្វះខាតលុយកាក់សាងសង់ផ្ទះសម្បែងឡើងវិញ ហើយបានស្នើឱ្យក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ ផ្តល់លុយខ្លះបន្ថែមពីលើដីដែលក្រុមហ៊ុនបានផ្តល់ឱ្យ ដើម្បីយកទៅរុះរើផ្ទះចាស់ និងសម្រាប់សង់ផ្ទះថ្មីខ្លះ។

តំណាងប្រជាសហគមន៍ម្នាក់គឺអ្នកស្រី ស៊ីម ស្រីនាង បានថ្លែងថា រូបគាត់ហាក់មិនសូវជាសប្បាយចិត្តនៅក្នុងការទទួលយកដំណោះស្រាយនេះប៉ុន្មានទេ ប៉ុន្តែដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ អ្នកស្រីក៏ព្រមទទួលយកនូវការដោះដូរដីនោះ។
អ្នកស្រី ស៊ីម ស្រីនាង ថ្លែងឱ្យដឹងយ៉ាងដូច្នេះថា«សម្រាប់ខ្ញុំតែម្នាក់ឯងដំណោះស្រាយហ្នឹងគឺ បើសិនជាករណីចាំបាច់អាហ្នឹងគឺខ្ញុំអាចទៅទទួលយកបាន ដោយទៅកន្លែងនោះគឺខ្ញុំមានតែដីទេ ប៉ុន្តែបើបច្ចុប្បន្នគឺកន្លែងខ្ញុំនៅចាស់គឺខ្ញុំមានផ្ទះ ខ្ញុំមានទឹក ខ្ញុំមានភ្លើងគ្រប់គ្រាន់។ អ៊ីចឹងពេលដែលខ្ញុំទៅដល់កន្លែងនោះគឺខ្ញុំត្រូវការរកចំណូល រកលុយ ដើម្បីធ្វើផ្ទះសម្រាប់ខ្លួនឯងជ្រក ប៉ុន្តែវាជាករណីចាំបាច់សម្រាប់ខ្ញុំ។ អ៊ីចឹងកន្លែងដែលខ្ញុំទៅយកហ្នឹងវាអាចដីធំ អ៊ីចឹងយើងទូទាត់យើងសមាមាត្រទៅយើងអាចលើសគ្នាខ្វះបន្តិចបន្តួច ប៉ុន្តែដើម្បីបញ្ចប់រឿងបញ្ចប់ក្តីគឺខ្ញុំត្រូវតែយកកន្លែងហ្នឹងទៅដើម្បីឱ្យចប់»។
ស្ត្រីវ័យ៤៥ឆ្នាំរូបនេះ បានរៀបរាប់ថា អំឡុងពេលអ្នកស្រីដើរតវ៉ាទាមទាររកដំណោះស្រាយដីធ្លីនោះ គឺរូបគាត់បានជួបបញ្ហាជាច្រើនក្នុងគ្រួសារ រហូតឈានទៅដល់នៃបែកបាក់គ្នាជាមួយស្វាមី ដែលធ្វើឱ្យរូបអ្នកស្រីធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ហើយទទួលរងរ៉ាប់ចិញ្ចឹមកូនប្រុសស្រី៣នាក់ក្នុងបន្ទុកតែម្នាក់ឯង ចំណែកឯកូនៗទាំងនោះក៏ត្រូវបាត់បង់ការសិក្សា។ មិនតែប៉ុណ្ណោះចំណូលក្នុងគ្រួសារក៏ត្រូវបានបាត់បង់ទាំងស្រុងផងដែរ ដោយពេលនោះប្រភពចំណូលសំខាន់ក្នុងគ្រួសារគឺមានតែប្តីរបស់អ្នកស្រីម្នាក់ប៉ុណ្ណោះ។
អ្នកស្រី ស៊ីម ស្រីនាង បានរៀបរាប់យ៉ាងដូច្នេះថា ៖ «កាលពីដើមឡើយពេលដែលខ្ញុំទាមទារតវ៉ារឿងបញ្ហាដីធ្លីហ្នឹង មានបញ្ហាច្រើន មានបញ្ហាប្រឈមច្រើន ទី១បញ្ហាគ្រួសារគឺគ្រួសារខ្ញុំ គឺមានបញ្ហារកាំរកុះគ្នារហូតដោយសារការទាមទារដើរតវ៉ាវាច្រើនពេក ទី២ខាតបង់លុយកាត់ ទី៣សុវត្ថិភាពផ្ទាល់ខ្លួនក៏អត់មានដែរ ទី៤កូន អត់បានរៀនសូត្រទេ ព្រោះកូននៅតូចៗ អ៊ីចឹងយើងត្រូវការទៅ វាតាម ដល់អ៊ីចឹងបាត់បង់ការសិក្សារបស់កូន»។

ចំណែកលោក លឹម សេងហ៊ន បានអះអាងថា លោកបានរស់នៅលើដីនេះតាំងពីឆ្នាំ១៩៨៧ ហើយពេលនេះលោកត្រូវបានតម្រូវឱ្យចាកចេញពីដី និងផ្ទះ ដែលធ្លាប់រស់យ៉ាងកក់ក្តៅប្រមាណជិត៤០ឆ្នាំមកហើយ។
លោក លឹម សេងហ៊ន ថ្លែងយ៉ាងដូច្នេះថា«ដីផ្ទះខ្ញុំត្រូវចំកន្លែងគេឱ្យយើងដោះដូរទីតាំង ហើយពីមុនមកគេឱ្យយើងទំហំដីវាតូចៗត្រឹមតែ៤ម៉ែត្រកន្លះគុណនឹង២០ ៣០ (៤,៥ម៉ x ២០ម៉ ឬ ៤,៥ម៉ x ៣០ម៉) ទៅតាមទីតាំងកន្លែងនីមួយៗ ហើយខ្ញុំអត់ព្រមទទួលយកដោយសារវាមានតែដីទទេ អត់មានអីទាំងអស់ ហើយខ្ញុំមិនអាចទទួលយកបានដំណោះស្រាយហ្នឹង។ ហើយមកដល់ក្នុងចុងក្រោយនេះ ក្នុងខែ៩ហ្នឹង ២០២៥ហ្នឹង ក្រុមហ៊ុនក៏បានហៅខ្ញុំទៅធ្វើការនិយាយរឿងដោះដូរទីលំនៅហ្នឹងដោយដំណាក់កាលនៅចុងក្រោយនេះខ្ញុំមិនអាចនឹងប្រកែកគេបាន ក៏ខ្ញុំព្រមព្រៀងទទួលយកដីមួយកន្លែងដែលជាប់នៅរបងមន្ទីរពេទ្យចាស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ដែលនៅភូមិដាំដុះ ហើយដីនោះមានទំហំតែ២ពាន់២រយម៉ែត្រការ៉េអត់មានដំណាំដាំដុះអីទាំងអស់»។
ថ្លែងទាំងទឹកមុខស្ងួត និងបង្កប់ដោយភាពសោកស្តាយដី ផ្ទះ និងដំណាំ បុរស់វ័យ៦១ឆ្នាំដែលជាបុគ្គលិកបម្រើការក្រុមហ៊ុនចម្ការកៅស៊ូរូបនេះ បានឱ្យដឹងដែរថា វាជាជម្រើសចុងក្រោយសម្រាប់រូបលោក បើមិនព្រមទទួលយកដំណោះស្រាយមួយនេះទេនោះ គឺលោកបារម្ភពីការគៀបសង្កត់ផ្សេងៗទៅថ្ងៃមុខដែលមិនអាចមើលឃើញបាន។ លោកបន្តថា កន្លងទៅភាគីខាងក្រុមហ៊ុនបានហៅរូបលោក និងអ្នកមានជម្លោះទាំងអស់ទៅចរចាជាច្រើនលើកច្រើនសាររួចមកហើយ ដើម្បីឱ្យទទួលយកតាមអ្វីដែលគេដោះដូរឱ្យ ប៉ុន្តែពួកគាត់មិនព្រមទទួលយក។ យ៉ាងណាក៏ដោយពេលនេះ រូបគាត់ និងប្រជាសហគមន៍ផ្សេងទៀតព្រមទទួលយកនូវការដោះស្រាយនោះទាំងបង្ខំចិត្ត។

ជាមួយគ្នានេះប្រជាសហគមន៍ខ្នងក្រពើលិចម្នាក់ទៀត គឺអ្នកស្រី សួន នី បានឱ្យដឹងថា អ្នកស្រីជួបបញ្ហាជាច្រើន បន្ទាប់ពីមានបញ្ហាដីធ្លីនេះកើតឡើង ដោយអ្នកស្រីត្រូវធ្លាក់ខ្លួនជំពាក់បំណុលគេ ព្រោះត្រូវខ្ចីបុលលុយកាក់គេខ្លះសម្រាប់ធ្វើដំណើរឡើងចុះទៅមក ក្នុងការស្វះស្វែងរកដំណោះស្រាយដីធ្លីជាច្រើនឆ្នាំមកនេះ។
អ្នកស្រី សួន នី ថ្លែងថា«ហឺ! បញ្ហានិយាយពីសព្វគ្រប់ទាំងអស់ ជំពាក់លុយគេជំពាក់អីចឹងទៅ យើងខ្ចីលុយគេដើរទៅជាមួយបងប្អូនហ្នឹងណា៎! ពេលខ្លះខ្ញុំអត់បានទៅៗ ខ្ញុំឱ្យសោហុយគេទៅដែរចឹងទៅ ខ្ញុំរវល់ធ្វើការ ខ្ញុំរវល់លក់ដូរអីនៅមេមត់អីចឹងខ្ញុំឱ្យសោហុយគេទៅ ខ្ញុំខ្ចីលុយគេខ្ចីអីចឹងទៅណា៎»។
អ្នកស្រី បានឱ្យដឹងបន្តថា ពេលខ្លះអ្នកស្រីពិបាកចិត្តរហូតដល់ដេកមិនលក់ ព្រោះតែបញ្ហាដីធ្លីនេះ ប៉ុន្តែពេលនេះអ្នកស្រីហាក់ធូរស្បើយចិត្តមកវិញខ្លះ ក្រោយពេលទទួលបានដំណោះស្រាយសមរម្យដែលអាចទទួលយកបាន «និយាយពីពិបាកចិត្តហួសពីពិបាកចិត្តយប់ឡើងដេកគ្មានលក់ទេ បើគេឱ្យយើងចេញ តម្រូវឱ្យយើងចេញ ឱ្យតែ៤ម៉ែត្រកន្លះ នៅតែ៤ម៉ែត្រកន្លះ ១ខែទៅប្រជុំនៅស្រុកម្តង ១ខែទៅប្រជុំនៅស្រុកម្តង រឿងតែដីហ្នឹងម៉ង គឹគេឱ្យយើងចាកចេញម៉ង ពេលខ្លះគេតម្រូវឱ្យយើងទៅកនៅផ្លាកណា គៀនព្រៃកៅស៊ូណានុះ ពួកខ្ញុំអត់ព្រមនៅតែក្រាញននៀលនៅ ចាស! ឥឡូវបានដំណោះស្រាយគួរសមហើយ សមស្របអាចចាកចេញបានទៅ»។

ជាកម្មករចម្ការកៅស៊ូ លោក ម៉ៅ សារិន មានវ័យ៦៥ឆ្នាំ ថ្លែងថា លោកមានភាពស្មុកស្មាញក្នុងចិត្តជាខ្លាំងនាអំឡុងពេលមានបញ្ហាដីធ្លីនោះ ព្រោះមិនដឹងថាទៅថ្ងៃមុខនឹងទៅជាយ៉ាងណា ប៉ុន្តែពេលនេះលោកហាក់រីករាយបន្តិច ដោយសារមានដំណោះស្រាយសមល្មមដែលអាចឱ្យលោកទទួលយកបាន។
លោក ម៉ៅ សារិន ថ្លែងថា«ចុងក្រោយនេះ គឺខ្ញុំពេញចិត្តហើយ វាធ្វើម៉េចបើក្រុមហ៊ុនត្រូវការហើយ ក្រុមហ៊ុនក៏ឱ្យយើងនៅហ្នឹងក៏វាសមស្របចិត្តដែលយើងចង់បានដែរ បាទអត់អីទេ ស្ម័គ្រចិត្តហើយ»។

អ្នកស្រី ណយ ឌីណែត ដែលជាអ្នករងគ្រោះដោយសារការឱ្យផ្លាស់ប្តូរលំនៅឋានដែរនោះ បានថ្លែងថា អ្នកស្រីជួបបញ្ហាជាច្រើននៅអំឡុងពេលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់នេះ។ អ្នកស្រីត្រូវធ្វើដំណើរចុះឡើងទៅមក ដើម្បីរកដំណោះស្រាយ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលនាំទៅដល់បាត់ដំបង់ចំណូចក្នុងគ្រួសារប្រឈមនឹងបញ្ហាខ្វះខាតលុយកាក់ផ្សេងៗ។ អ្នកស្រីបានបន្តថា ឥឡូវនេះខាងក្រុមហ៊ុនបានដោះស្រាយជូនអ្នកស្រីរួចរាល់ហើយ ដោយអ្នកស្រីថាដំណោះស្រាយនោះអាចទទួលយកបាន«ចាស! មកដល់ពេលនេះខាងរដ្ឋាភិបាល ហើយខាងស្រុកហ្នឹងក៏ ខ្ញុំសូមអរគុណដែរ ខាងក្រុមហ៊ុន ខាងស្រុក ខាងលើហ្នឹងគាត់បានដោះស្រាយឱ្យខ្ញុំរួចរាល់អស់ហើយ គឺខ្ញុំអាចទទួលយកបាន ខ្ញុំចាកចេញ ចាកចេញ ហើយកន្លែងដែលគាត់[ក្រុមហ៊ុន]ឱ្យខ្ញុំដោះដូរហ្នឹង ក៏គាត់សមរម្យដែលថាខ្ញុំអាចទទួលយកបាន គ្រាន់ថាវាផលវិបាកអត់ទាន់មានលុយធ្វើផ្ទះនៅតែប៉ុណ្ណឹង»។

ជាមួយគ្នាដែរ លោក អឿន ពិសិដ្ឋ ក៏ជាអ្នករងគ្រោះពីការបង្ខំឱ្យផ្លាស់ប្តូរទីលំនៅពីសំណាក់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ផងដែរនោះ បានថ្លែងថា លោកព្រមទទួលយកដំណោះស្រាយដោយស្ម័គ្រចិត្ត ប៉ុន្តែមិនសប្បាយចិត្ត ព្រោះការផ្លាស់ប្តូរទៅតាំងថ្មីត្រូវចំណាយលុយកាក់ច្រើន ដើម្បីសាងសង់ផ្ទះសម្បែងសម្រាប់រស់នៅ ប៉ុន្តែបើលោកនៅបន្តទៀតគេអាចនឹងមានវិធានការនានាដូចជាការប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងនឹងរូបលោកក៏ថាបាន។
លោក អឿន ពិសិដ្ឋ ថ្លែង យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថានៅទៀត វាអត់ឈ្នះគេទេ គេនឹងមានវិធីមួយចុងក្រោយហ្នឹងគឺគេអាចនឹងយកតុលាការមកហើយ សារអ៊ីចឹងយើងថានៅមិនឈ្នះគេទេ យើងយកសំណងសូមចេញតែម្តង ព្រមចាកចេញតែម្តង។ ព្រមៗស្ម័គ្រចិត្តរបៀបម៉េចដោយថាយើងមើលទៅកន្លែងនោះវាសមរម្យដែលយើងយកហើយ តែមិនសម្បាយចិត្តនោះយើងអត់មានលុយធ្វើផ្ទះធ្វើអី យើងត្រូវខ្ចីលុយធនាគារ»។
សម្រាប់លោក ម៉ៅ សារិន ថារូបលោកមានបញ្ហាជីវភាពខ្វះខាត ម្យ៉ាងត្រូវការរុះរើផ្ទះចាស់របស់លោកទៅតាំងទីលំនៅថ្មីលើដីដែលខាងក្រុមហ៊ុនបានដោះដូរឱ្យ ប៉ុន្តែលោកពុំមានលុយកាក់នៅក្នុងការរុះរើ និងសាងសង់នោះទេ។ ក្នុងនោះលោក ក៏ដូចជាពលរដ្ឋទាំង៩គ្រួសារផ្សេងទៀតដែរ បានស្នើឱ្យខាងក្រុមហ៊ុនបន្ថែមនូវថវិកាបន្ថែមខ្លះ ដើម្បីអាចយកទៅរុះរើផ្ទះចាស់ និងសាងសង់ផ្ទះថ្មី។
លោក ម៉ៅ សារិន ថ្លែងថា «…ហើយយើងចង់សំណើ[ស្នើ]ក្រុមហ៊ុនសុំថវិកាតិចតួច ដើម្បីជួយរុះរើអី សាងសងអីគ្រាន់ឱ្យយើងជ្រកកោននៅ។ អាហ្នឹងយើងគិតថាយ៉ាងតូចត្រឹម១ម៉ឺនដុល្លារអីហ្នឹងយើងនេះ បើយើងមិនហ៊ានថាច្រើន យើងទម្រាំរុះរើ ទាំងយើងរុះរើឬក៏សាងសង់អី គ្រាន់តែថាម៉ាសមរម្យថាប៉ុណ្ណឹងចុះ យើងមិនហ៊ានថាលើសទេ»។

លោក សេម ថា ជាបុគ្គលិកសម្រសម្រួលរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានថ្លែងថា កន្លងមកសមាគមន៍បានរួមចំណែកនៅក្នុងការជួយសម្របសម្រួលសហគមន៍ ការចងក្រង ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិកសហគមន៍ ព្រមទាំងបានគាំទ្រទៅដល់សហគមន៍នៅក្នុងដំណើរការស្វែងរកដំណោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ខ្លួនឯង។
លោក សេម ថា ថ្លែងថា«ជារួមសហគមន៍នៅក្នុងខេត្តត្បូងឃ្មុំជាក្រុមសហគមន៍ដែលរងផលប៉ះពាល់ផ្នែកដីធ្លីដោយគម្រោងសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ជាមួយនឹងក្រុមហ៊ុន ក្នុងនោះសម្រាប់សហគមន៍មួយនៅក្នុងចំណោមសហគមន៍ទាំង១១នៃបណ្តាសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺសហគមន៍ដីធ្លីខ្នងក្រពើជាសហគន៍ដែលរងគ្រោះពីផលប៉ះពាល់ជាមួយនឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលបច្ចុប្បន្នសហគន៍បានទទួលសំណង ការជួសជុល ឬក៏ការដោះដូរដីដែលមានការព្រមព្រៀងរវាងសហគមន៍ ហើយនឹងក្រមហ៊ុន»។
ជម្លោះដីធ្លីរវាងប្រជាសហគមន៍ខ្នងក្រពើលិចចំនួន១០គ្រួសារ ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ បានអូសបន្លាយប្រមាណជាជិត២០ឆ្នាំមកហើយ ទម្រាំឈានដល់ដំណាក់កាលប្រសព្វគ្នាដូចពេលនេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិវិនិយោគពីក្រុមហ៊ុនរបស់រដ្ឋមកជាក្រុមហ៊ុនឯកជន ហើយតម្រូវឱ្យពលរដ្ឋទៅរស់នៅកន្លែងផ្សេង ប៉ុន្តែពួកគាត់ទាំង១០គ្រួសារនេះមិនព្រមចាកចេញ ដោយអះអាងថាសំណងដែលក្រុមហ៊ុនបានផ្តល់ឱ្យនោះមិនសមរម្យ។ ដំបូងឡើយប្រជាពលរដ្ឋមានចំនួន ៦៣៥គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការផ្ទេរសិទ្ធិវិគនិយោគនេះ ប៉ុន្តែអ្នកទាំងនោះបានព្រមទទួលយកដំណោះស្រាយជាបន្តបន្ទាប់៕
រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ
ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាសហគមន៍ខ្នងក្រពើលិច ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈានដល់ផ្លូវប្រសព្វ
រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន
រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិរីជ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង
រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស
21-វិច្ឆិកា-2025 - ម៉ោង 11:05:AM
12-វិច្ឆិកា-2025 - ម៉ោង 02:03:PM
31-តុលា-2025 - ម៉ោង 10:21:AM
29-តុលា-2025 - ម៉ោង 01:26:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា