អត្ថបទ៖ សំនៀង
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរអង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ដែលស្ថិតក្នុងតំបន់វិនិច្ឆ័យនៃ ភូមិរំចេក ភូមិទួលព្រំ១ និងភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឲ្យបានជ្រាបថា គណៈកម្មការរដ្ឋបាល នឹងបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
រដ្ឋបាលខេត្តបាត់ដំបងបានជំរុញដល់សាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាព ត្រឹមត្រូវ ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ជាកំហិត ស្ថិតក្នុងបរិវេណវត្តទួលព្រំ ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មតថាទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬ តវ៉ានៅពេលក្រោយទៀតបានឡើយ។
រដ្ឋបាលខេត្តបាត់ដំបងសូមបញ្ជាក់ថា ផុតកំណត់នៃការបិទផ្សាយជាសាធារណៈ គណៈកម្មការរដ្ឋបាលនឹងបូកសរុប ហើយលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេច រួចបញ្ជូនឲ្យរដ្ឋបាលសុរិយោដី ចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបំពេញគ្រប់លក្ខណៈតាមផ្លូវច្បាប់៕
រូបភាព៖ ក្រសួងរៀបចំដែនដី
16-ធ្នូ-2024 - ម៉ោង 11:09:AM
25-វិច្ឆិកា-2024 - ម៉ោង 02:34:PM
19-វិច្ឆិកា-2024 - ម៉ោង 05:14:PM
12-វិច្ឆិកា-2024 - ម៉ោង 01:38:PM