អត្ថបទ៖ យូ វាសនា
ប្រជាសហគមន៍១៩៧ រស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រមាណ២០នាក់ នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤នេះ បានមកដាក់ញត្តិសារជាថ្មីម្តងទៀតនៅក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ដើម្បីស្នើសុំឱ្យដោះស្រាយដីធ្លីជូនពួកគាត់ បន្ទាប់ពីវិវាទដីធ្លីនោះបានអូសបន្លាយជាច្រើនឆ្នាំមកហើយលើផ្ទៃដី១២០០ហិចតា ក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។
អ្នកស្រី ដេត ហ៊ួរ ប្រធានសហគមន៍១៩៧ បានប្រាប់បៃតងប៉ុស្តិ៍ថា ក្រសួងរៀបចំដែនដីបានអះអាងថាដោះស្រាយឱ្យប្រជាពលរដ្ឋដោយផ្ដល់ដីសម្បទានសង្គមកិច្ច ហើយក្រុមរបស់គាត់ក៏ព្រមទទួលយក តែស្នើសុំមិនចាំបាច់សម្ភាសអ្វីច្រើននោះទេពោលគឺស្នើឱ្យអាជ្ញាធរផ្ដល់ដីជាកញ្ចប់វិញ។ ជាមួយគ្នានេះអ្នកស្រីអះអាងថា ប្រសិនបើក្រសួងមិនដោះស្រាយជាកញ្ចប់ទេ ពួកគាត់នឹងបន្តទាមទារសារជាថ្មីទៀត។ បើតាមអ្នកស្រី ដេត ហ៊ួរ ពួកគាត់បានដាក់សំណើរចំនួន៣ទៅក្រសួងគឺទី១,ដោះស្រាយវិវាទដីធ្លីនេះ ២,ចេញបណ្ណ័កម្មសិទ្ធ និង៣,ដកពាក្យបណ្តឹងចេញពីតុលាការ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត បានចេញមកទទួលញត្តិ និងប្រាប់ប្រជាសហគមន៍ថា ក្រសួងកំពុងតែពិនិត្យទៅលើឯកសាររបស់ពួកគាត់ ហើយសូមរងចាំក្រុមការងារដាក់ឯកសារជូនទៅថ្នាក់ដឹកនាំដើម្បីសម្រេច។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យប្រជាសហគមន៍ទាំងអស់ទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរខេត្តផងដែរ។
យោងតាមលទ្ធផលកិច្ចប្រជុំដើម្បីពិនិត្យសម្រេចលើករណីវិវាទដីធ្លីចំនួន ០៥ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង បានឱ្យដឹងថា តំណាងប្រជាសហគមន៍១៩៧ចំនួន ៨០ គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនហេងហ៊ុយ អភិវឌ្ឍន៍ ស្ថិតក្នុងភូមិតានី ភូមិចំបក់ ភូមិឈូក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ចាប់ពីឆ្នាំ ២០១៩ មក ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន និងចេញលិខិតបដិសេធនូវសំណើរបស់ពួកគាត់ មិនដោះស្រាយឡើយ និងបានជម្រាបដល់ប្រជាពលរដ្ឋដែលខ្វះខាតដី និងត្រូវការដីពិតប្រាកដឱ្យដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចវិញតែពួកគាត់មិនព្រមចូលរួមឡើយ ៕
16-ធ្នូ-2024 - ម៉ោង 11:09:AM
25-វិច្ឆិកា-2024 - ម៉ោង 02:34:PM
19-វិច្ឆិកា-2024 - ម៉ោង 05:14:PM
12-វិច្ឆិកា-2024 - ម៉ោង 01:38:PM