អត្ថបទ៖ កែវ រតនៈ
ពិធីប្រគល់-ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះប្រារព្ធធ្វើនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ក្នុងកម្មវិធីនោះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពន្លឿនការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។
ជាក់ស្ដែងដូចជាការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣០ភូមិ នៅឃុំអង្គពពេល និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលស្មើនឹង១៩៨៤០ប័ណ្ណនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរហូតសម្រេចបាននូវការចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។
បើតាមឯកឧត្ដម សាយ សំអាល់ គិតរហូតមកដល់ពេលនេះ ក្រសួងបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៨លានប័ណ្ណ ជូនប្រជាពលរដ្ឋ ហើយនៅសល់ប្រមាណជាង ៣លានប័ណ្ណទៀតប៉ុណ្ណោះ ដែលក្នុងនោះជាង ២លានប័ណ្ណ កំពុងចេញប័ណ្ណចែកបន្តរាល់ថ្ងៃ និងសេសសល់ជាង ១លានប័ណ្ណទៀត នៅមិនទាន់បានវាស់៕
16-ធ្នូ-2024 - ម៉ោង 11:09:AM
25-វិច្ឆិកា-2024 - ម៉ោង 02:34:PM
19-វិច្ឆិកា-2024 - ម៉ោង 05:14:PM
12-វិច្ឆិកា-2024 - ម៉ោង 01:38:PM