សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តឧត្តមានជ័យ ចុះដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ

31-កក្តដា-2024 - ម៉ោង 03:50:PM

អត្ថបទ៖ សំនៀង

 

កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីរដ្ឋបាល និងអាជ្ញាធរស្រុក ខេត្តឧត្តរមានជ័យ បានចុះធ្វើការពិនិត្យជាក់ស្ដែង និងធ្វើការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិសាស្ត្រភូមិផ្អៅ ឃុំត្រពាំងប្រាសាទ  ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានទំនាស់ដីធ្លីរាំរ៉ៃប្រមាណជិត ២០ ឆ្នាំមកហើយ។

 

លោក គង់ កន្នារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានប្រាប់បៃតងប៉ុស្តិ៍ថា ទាក់ទងនឹងការទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ គឺខាងរដ្ឋបាលខេត្តនៅមិនទាន់បានធ្វើការវាស់វែងចែកនៅឡើយទេ គឺគ្រាន់តែចុះទៅត្រួតពិនិត្យនៅតំបន់ដីមានទំនាស់ត្រង់ដែនអភិរក្សភ្នំទេពដើម្បីឲ្យដឹងថាមានប៉ុន្មានហិចតា និងប៉ុន្មានគ្រួសារ ហើយខាងរដ្ឋបាលខេត្តបានចុះត្រួតពិនិត្យរួចរាល់ហើយទៅលើ៨គ្រួសារ ដែលបានតាំងទីលំនៅក្នុងទឹកដីខេត្តឧត្តរមានជ័យ។

 

លោកបានបន្ថែមទៀតថា បន្ទាប់ពីបានពិនិត្យច្បាស់លាស់រួចរាល់ហើយលោកនឹងរាយការណ៍ជូនទៅលោកអភិបាលខេត្ត ដើម្បីពិនិត្យសម្រេចថាតើគួដោះស្រាយបែបណាបន្តទៀត តែនៅពេលបច្ចុប្បន្ននេះលោកក៏បានចុះទៅជួបប្រជាពលរដ្ឋ ដែលរងគ្រោះ ហើយលោកក៏បានស្នើរសុំឲ្យរក្សានូវទម្រង់ចាស់ដដែលដោយកុំឲ្យមានការពង្រីកដី ព្រោះថាកន្លងមកក៏មានប្រជាពលរដ្ឋមួយចំនួនបានឈ្លៀតឱកាសពង្រីកដីបន្ថែម។

 

ដោយឡែកលោក ហង្ស ជ្រើម តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី បានឲ្យអង្គភាពបៃតងប៉ុស្តិ៍ដឹងថា នៅពេលដែលលោកអភិបាលរងខេត្ត និងអជ្ញាធរបានចុះមកត្រួតពិនិត្យនោះ លោកបានស្នើរឲ្យមានការវាស់វែងដីជូនប្រជាពលរដ្ឋឲ្យបានសមរម្យ ឲ្យស្របទៅតាមអ្វីដែលពួកគាត់កំពុងកង្ករបង្កើនផង ដើម្បីឲ្យរស់នៅបានសុខសប្បាយទាំងអស់គ្នា កុំឲ្យកើតមានជម្លោះបន្តទៀត។ ជាមួយគ្នានោះលោកអភិបាលរងខេត្តក៏បានព្រមព្រៀង ហើយបានដើរចុចមើលតាមទីតាំងដី ទំហំជាក់ស្ដែង ប៉ុន្តែនៅពេលដែលវាស់ជាក់ស្ដែងបានតែ៦គ្រួសារតែប៉ុណ្ណោះ នៅ២គ្រួសារទៀតដែលមិនទាន់បានវាស់ តែលោកអភិបាលរងខេត្តបានសន្យាថានឹងចុះវាស់បន្តនៅសប្ដាហ៍ក្រោយ។ បើទោះជាយ៉ាងនេះក្ដីលោកបានបន្តថា ចំពោះលោកនឹងអ្នករងគ្រោះផ្សេងទៀតយល់ព្រមតាមការសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យតែការសម្រេចនោះមានការសមស្រប និងអាចទទួលយកបានពីគ្រប់ភាគី។

 

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយគ្នាស្ថិតក្នុងដែនរដ្ឋបាលរវាងខេត្តឧត្តមានជ័យ និងខេត្តសៀមរាប (នៃរដ្ឋបាលប្រកាសថ្មីដោយព្រះរាជក្រឹត្យឆ្នាំ២០២៤) ប្រជាពលរដ្ឋចំនួន ៨៧គ្រួសារដែលស្ថិតនៅភូមជ័យសែន ឃុំកន្ទូត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលដើមឡើយទាំងពីរក្រុមនេះជាក្រុមតែមួយ តែនៅពេលបែងចែងរដ្ឋបាលថ្មីគឺ ៨គ្រួសារនៅរដ្ឋបាលខេត្តឧត្តមានជ័យ។ ក្រុមប្រជាពលរដ្ឋទាំង៨៧ គ្រួសារក៍បានកាន់កាប់អាស្រ័យផលលើដីជាក់ស្ដែងតាំងពីឆ្នាំ២០០២ និងមានឯកសារលិខិតកាន់កាប់ និងទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ក្នុងឆ្នាំ២០១៦ បែបទម្រង់ទទួលស្គាល់បណ្ដោះអាសន្ន ឬភាសាប្រជាពលរដ្ឋថា«ប្លង់ទន់»។

 

ខណៈពេលបច្ចុប្បន្ននេះ ពួកគាត់មិនមានបញ្ហាជាមួយយោធាភូមិ៤ ទៀតនោះទេ តែត្រូវបានអាជ្ញាធរឃុំយកដីអាស្រ័យផលនេះដាក់ចូលក្នុងរង្វង់គ្រប់គ្រងសហគមន៍ការពារធម្មជាតិជប់សោមដែលបង្កើតនៅឆ្នាំ ២០២២ ដែលធ្វើឲ្យផ្ទះ ដីស្រែ ដីបង្ករបង្កើនផល និងដំណាំផ្សេងស្ថិតនៅក្នុងដែនដីសហគមន៍នេះត្រូវបានហាមឃាត់ និងរារាំងមិនឲ្យប្រើប្រាស់បន្តដែលជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋ។

 

ហើយប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ហើយក្រសួងបានសម្រេចធ្វើការពិនិត្យដោះស្រាយ និងអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋអាស្រ័យផលជាក់ស្ដែងលើដីដែលបានកាន់កាប់ក្នុងកំណត់ហេតុចុះហត្ថលេខាដោយឯកឧត្តម ទេព ធន រដ្ឋលេខាធិកាក្រសួងដែនដី និងជាប្រធានអង្គប្រជុំ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម