អត្ថបទ៖ សំនៀង
អភិបាលស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២៤ បានអញ្ជើញពលរដ្ឋរងគ្រោះដីធ្លីចំនួន៧រូប ឲ្យចូលជួបប្រជុំភិភាក្សាដោះស្រាយបញ្ហា រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅ រួយ ហ្វេង ការដ្ឋានទី១០-១១-៧ និងការដ្ឋានទី៣ នៅសាលប្រជុំអគាររដ្ឋបាលស្រុកឆែប ដោយប្រជាពលរដ្ឋទាំង៧រូបនោះ រួមមាន ឈ្មោះ អៀមអោន ពានសុផាត សឿនថា ណាប់នឿន ជុតយ៉ា មឿនសុខា និងឈ្មោះ ផលស៊ីផាន។ ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បាអញ្ជើញលោកមេឃុំម្លូព្រៃពីរ និងមេភូមិប្រើសក្អក ដែលជាអជ្ញាធរស្ថិតនៅក្នុងទីតាំងមានជំលោះនោះឲ្យចូលជួបប្រជុំផងដែរ។
នៅក្នុងកិច្ចប្រជុំនោះបានអវត្តមានលោក សឿន ថា ម្នាក់ ប៉ុន្តែក៏មានការចូលរួមពីប្រជាពលរដ្ឋ និងសមាជិកសហគមន៍ មកជួយគាំទ្រប្រមាណជិត១០០នាក់ មកពីសហគមន៍ផ្សេងៗទៀត ដូចជាសហគមន៍ភូមិម្លូព្រៃ ក្ដុល សង្កែពីរ ភូមិជោគជ័យ និងភូមិសំបូរផងដែរ។
លោក ពាន សុផាត ជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់ក្នុងចំណោមពលរដ្ឋរងគ្រោះ៧នាក់ បានប្រាប់បៃតងប៉ុស្តិ៍ថា នៅក្នុងកិច្ចប្រជុំនោះ មានមន្ត្រីម្នាក់ដែលមិនបានប្រាប់ឈ្មោះ និងតួនាទីបានគំរាមសួរតំណាងសហគមន៍ ថាតើអ្នកណាជាអ្នកនាំទៅអាស្រាយផលលើដីនោះ ព្រោះដីនោះជាដីសម្បទានរបស់ក្រុមហ៊ុនចិន ហើយលោកបានហាមមិនឲ្យប្រជាពលរដ្ឋសហគមន៍ចូលទៅអាស្រ័យផលលើដីក្រុមហ៊ុននោះទៀតជាដាច់ខាត ជាងនេះទៅទៀតខាងមន្ត្រីសាលាស្រុកហាមមិនឲ្យតំណាងសហគមន៍និយាយអ្វីទេក្រៅអំពីការឆ្លើយសំណួររបស់គេ ដោយហាមនិយាយហេតុផលពី សហគមន៍ដាច់ខាត ជាពិសេសបានហាមឃាត់ពួកគាត់មិនឲ្យកៀគរកម្លាំងដើម្បីតវ៉ានោះទេ តែពួកគាត់បានឆ្លើយថា ពួកគាត់មិនបានកៀគរនោះទេ គឺពួកគាត់ជាសមាជិកសហគមន៍ស្មគ្រចិត្តដោយខ្លួនឯង ព្រោះនៅតំបន់នោះជាដីរបស់ពួកគាត់ធ្លាប់អាស្រ័យផល ហើយវាជាដីដែលដូនតាគាត់ចែកឲ្យតាំងពីឆ្នាំ២០០៣មកម្លេះ។ លោក សុផាត បានបន្តថា នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះគឺរឿងទំនាស់ដីធ្លីរវាងសហគមន៍ និងក្រុមហ៊ុនចិននេះគឺគេមិនដោះស្រាយជូនពួកគាត់នោះឡើយ។
គួបញ្ជាក់ផងដែរថា ដីដែលមានទំនាស់រវាងពលរដ្ឋ ជាមួយនឹងក្រុមហ៊ុនស្កអំពៅចិននេះ ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ហើយដីនោះជាដីដែលប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ២០០៣មកម្លេះ រហូតមកដល់ឆ្នាំ២០១១ ទើបមានវត្តមានរបស់ក្រុមហ៊ុនចូលមក៕
16-ធ្នូ-2024 - ម៉ោង 11:09:AM
25-វិច្ឆិកា-2024 - ម៉ោង 02:34:PM
19-វិច្ឆិកា-2024 - ម៉ោង 05:14:PM
12-វិច្ឆិកា-2024 - ម៉ោង 01:38:PM