អត្ថបទ៖ សំនៀង
យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ក្នុងកម្មវិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកិច្ចព្រមព្រៀងលើគម្រោងស្ដីពី ការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ឯកឧត្តម ម៉េង ហុង បានថ្លែងថា កិច្ចព្រមព្រៀងលើគម្រោងស្ដីពី ការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. នេះ គឺជាជំហានបន្តថ្មីមួយ ដែលអាចបង្ខិតសេវារបស់ ប.ស.ស. កាន់តែទូលំទូលាយ និងខិតទៅកាន់តែគៀកប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅ ក្នុងនោះរួមមាន ម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើង, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជី និងទទួលបានប័ណ្ណសមាជិក ប.ស.ស. ភ្លាមៗនៅនឹងកន្លែង។ តាមរយៈគម្រោងនេះ នឹងក្លាយជាយន្តការអនុវត្តន៍យូរអង្វែងទៅមុខទៀតរបស់ ប.ស.ស. ព្រោះជាផ្នែកមួយជួយជំរុញឱ្យចំនួនសមាជិក ប.ស.ស. បន្តកើនឡើងជាបន្ដបន្ទាប់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ និងឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក Koen EVERAERT អនុប្រធានសហប្រតិបតិ្តការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងពិធីប្រកាសអនុវត្តគម្រោងនេះ បានសម្ដែងក្ដីរីករាយចំពោះការរីកចម្រើននៃប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ព្រមទាំងគម្រោងការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. នាពេលនេះ ជាការផ្ដល់នូវទំនុកចិត្ត និងភាពងាយស្រួលបន្ថែមទៀត ដល់ការធានាបាននូវសុខុមាលភាពរបស់កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ។
លោក Koen EVERAERT បានបន្ថែមទៀតថា សហភាពអ៊ឺរ៉ុប តាមរយៈអង្គការអន្ដរជាតិខាងការងារ (ILO) នឹងបន្ដកិច្ចសហការជាមួយកម្ពុជា ដើម្បីជួយពង្រឹងបន្ថែមទៀត ដល់ប្រព័ន្ធសន្ដិសុខសង្គមមួយនេះ ឱ្យកាន់តែរីកចម្រើន ហើយសង្ឃឹមថាប្រជាពលរដ្ឋកាន់តែច្រើនដែលពុំទាន់ចូលរួមក្នុងប្រព័ន្ធនេះ នឹងចូលរួមកាន់តែច្រើនបន្ថែមទៀតតាមរយៈគម្រោងមួយនេះ។
លោក អាន បឋម អនុប្រធានផ្សារអូរឬស្សី បានប្រាប់បៃតងប៉ុស្តិ៍ថា ការពង្រីកសាខា ក៏ដូចជាសេវារបស់ ប.ស.ស នេះជារឿងមួយដែលល្អសម្រាប់អាជីវករ កសិករ កម្មករ ប្រជាពលរដ្ឋ និងក្រុមបុគ្គលស្វ័យនិយោជន៍ផ្សេងទៀតមានភាពងាយស្រួលក្នុងការចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗទៅលើសេវាសុខាភិបាល ពីក្រសួងសុខាភិបាល ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះនៅតាមទីជនបទ ពួកគាត់ងាយស្រួលក្នុងការទទួលបានសេវាថែទាំសុខភាព នៅពេលដែលបានចុះឈ្មោះជាសមាជិករបស់ ប.ស.ស។ លោកបានលើកឡើងបន្ថែមថា ប្រសិនបើការពង្រីកនេះបានធ្វើឡើងនៅទូទាំងប្រទេស ជារឿងមួយដែលល្អបំផុតសម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការចុះឈ្មោះជាមួយ ប.ស.ស។
សូមបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងលើគម្រោងនេះ ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) បានពិភាក្សាកំណត់ការចុះបញ្ជីចល័តនៅគោលដៅធំៗចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តសៀមរាប ដែលមានទីតាំងសរុបចំនួន ២៧ កន្លែង៕
ររូបភាព៖ Page ប.ស.ស
16-ឧសភា-2025 - ម៉ោង 04:00:PM
13-ឧសភា-2025 - ម៉ោង 09:36:AM
08-ឧសភា-2025 - ម៉ោង 09:21:AM
06-ឧសភា-2025 - ម៉ោង 09:29:AM