សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីយ និងអរូបី ព្រមទាំងបញ្ជីស្មារតីចងចាំនៃពិភពលោកបានចំនួន ១៣បន្ទាប់ពីចូលជាសមាជិករបស់អង្គការយូណេស្កូ

03-កក្តដា-2024 - ម៉ោង 08:41:PM

អត្ថបទ៖ សំនៀង

ថ្ងៃទី៣ខែកក្កដានេះគឺជាថ្ងៃរំលឹកខួបទី៧៣ ដែលព្រះរាជាណាចក្រកម្ពុជាបាននេះចូលជាសមាជិកអង្គការយូណេស្កូ (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤)។ គួបញ្ជាក់ជូនថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។

 

បើតាមរបាយការណ៍របស់អង្គការយូណេស្កូបានបង្ហាញថា សម្បត្តិបេតិកភណ្ឌរូបី ចំនួន៤ មានដូចជា តំបន់ឧទ្យានបុរាណវិទ្យាអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ជាសម្បត្តិវប្បធម៌ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងខេត្តព្រះវិហារ ជាសម្បត្តិវប្បធម៌ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា ។​

 

តំបន់ប្រាសាទសម្បូរព្រៃគុហ៍ បុរាណស្ថាននៃអតីតរាជធានីឦសានបុរី ស្ថិតនៅក្នុងខេត្តកំពង់ធំ ជាសម្បត្តិវប្បធម៌ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ ប្រាសាទកោះកេរ បុរាណស្ថាននៃអតីតរាជធានីលិង្គបុរី ឬឆោកគគ៌្យរ ស្ថិតនៅក្នុងខេត្តព្រះវិហារ ជាសម្បត្តិវប្បធម៌ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

 

ចំពោះសម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ រួមមាន របាំងព្រះរាជទ្រព្យ ជាប្រភេទបញ្ជីតំណាងនូវមនុស្សជាតិ ត្រូវបានចុះបញ្ជីនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ល្ខោនស្រមោលស្បែកធំ ជាប្រភេទបញ្ជីតំណាងនូវមនុស្សជាតិ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០០៥។ ល្បែងទាញព្រ័ត្រ ជាប្រភេទបញ្ជីតំណាងនូវមនុស្សជាតិ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងវិនហុក ប្រទេសណាមីប៊ី។

 

ចាប៉ីដងវែង ជាប្រភេទបញ្ជីត្រូវការការសង្គ្រោះបន្ទាន់ ត្រូវបានចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ​ នៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី។ ល្ខោនខោលវត្តស្វាយអណ្ដែត  ប្រភេទបញ្ជីត្រូវការការសង្គ្រោះបន្ទាន់ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កិច្ចប្រជុំលើកទី១៣​ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។ គុនល្បុក្កតោ ជាប្រភេទបញ្ជីតំណាងនូវមនុស្សជាតិ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត់ ព្រះរាជាណាចក្រម៉ារ៉ុក។

 

ក្រៅពីសម្បត្តិបេតិកភណ្ឌរូបី និងអរូបីហើយនោះកម្ពុជាក៏បាន ចុះបញ្ជីស្មារតីនៃការចងចាំពិភពលោកមានដូចជា បណ្ណាសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោនប្រទេសបារបារដូស។ ក្រាំងរឿងអ៊ីណាវបុស្បា ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី​​ ៣០ ខែ តុលា ឆ្នាំ ២០១៧​ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងបញ្ជីស្មារតីនៃការចងចាំពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក មានខ្សែ​អាត់​សម្លេង​រឿង​រាមកេរ្តិ៍តាគ្រុឌ​ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុងក្វាងចូវប្រទេសចិន ក្រៅពីនោះក៏នៅមានដូចជា ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានដាក់កំណត់ដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩៧ និងមួយទៀតគឺបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ មានទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបណ្ដាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហារ(Gastronomy)កាលពីថ្ងៃទី​ ៣១ ខែ តុលា ឆ្នាំ ២០២៣ នាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

 

សូមបញ្ជាក់ផងដែរថា អង្គការសិក្សា​វិទ្យាសាស្រ្តអប់រំ និងវប្បធម៌ ហៅកាត់ថាយូណេស្កូ(UNESCO)គឺជាផ្នែកមួយនៃអង្គការសហប្រជាជាតិ(United Nation)។ អង្គការនេះបង្កើតឡើងក្នុងគោលបំណងបង្រួបបង្រួមឲ្យមានសន្តិភាព ស្ថេរភាព ដោយលើកតម្កើងឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ ជាពិសេសការគោរពជាសកល ដើម្បីអោយមាន យុត្តិធម៌ មានការគោរពច្បាប់ និងសិទ្ធិមនុស្ស។ អង្គការយូណេស្កូបានបង្កើតឲ្យមានកម្មវិធីនិងគណៈកម្មាធិការមួយចំនួនដើម្បីលើកកម្ពស់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។ ក្នុងកម្មវិធីទាំងនោះមានដូចជា៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី កម្មវិធីស្មារតីនៃការចងចាំពិភពលោក ឋបនីយជីវមណ្ឌល ជាដើម។

 

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់និងការពារតម្លៃលេចធ្លោជាសកលរបស់តំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ។ គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់និងការពារតម្លៃនៃបេតិកភណ្ឌរស់។ បេតិភណ្ឌអរូបី គឺជាមរតកបង្កើតដោយមនុស្សបានផ្ទេរបន្តពីជំនាន់មួយ ទៅជំនាន់មួយ តាមរយៈការប្រតិបត្តិ ការបង្ហាញ ការសម្តែង ការនិយាយ ឬការត្រាប់តៗគ្នា ដែល មិនអាចមើលឃើញ មិនអាចប៉ះពាល់បាន និងពិបាកយល់ ដូចជាចំណេះដឹង បំណិន ភាសា សិល្បៈ សាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ឧបករណ៍សម្ភារ វត្ថុសិល្បៈជាដើម៕

 

 

 

 

                                                                                                                   

ព័ត៌មានទាក់ទង

ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់ ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករ​មកពី​ថៃនិងអ្នកកំពុងរកការងារធ្វើ ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម