ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម និង២៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កម្មវិធីថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ មានវិសាលភាពអនុវត្តចំពោះ៖ ទី១ បុគ្គលស្វ័យនិយោជ និងទី២ អ្នកទទួលបន្ទុកក្នុងសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឲ្យបងប្អូនដែលជាបុគ្គលស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម កូនក្រោមអាយុ ១៨ឆ្នាំ ប្តី ឬប្រពន្ធ ដែលមានអាយុ ៦០ឆ្នាំចុះ អាចបង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម ផ្នែកភាគទានស្ម័គ្រចិត្តបាន។ ការពង្រីកវិសាលភាពនេះ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការ និងសេចក្តីប្រាថ្នា ការចង់ក្លាយជាសមាជិក បសស ពីបងប្អូននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យនិយោជ ព្រមទាំងពីសំណាក់សមាជិក បសស ដែលប្រាថ្នាចង់បានការថែទាំដល់សមាជិកគ្រួសារខ្លួនផង ពីព្រោះបច្ចុប្បន្ននេះ បសស បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងកម្មករនិយោជិត ដែលបានកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងស្ថិរភាព និងការព្យាករណ៍នៃចំណូល និងធ្វើឲ្យប្រសើរឡើង នូវសុខភាពរបស់ខ្លួន។
សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា «ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត នឹងជួយពង្រីកគ្រប់ដណ្តប់ប្រជាជនសរុប ចំនួន ៥លាននាក់ បូកបន្ថែមរបបថែទាំងសុខភាព តាមមូលនិធិសមធម៌ សុខាភិបាលជូនគ្រួសារងាយរងហានិភ័យ ដែលខ្ញុំបានប្រកាសដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ គ្រប់ដណ្តប់ប្រជាជនសរុបប្រមាណជាង ៤លាននាក់។ កម្មវិធីទាំងពីរ រួមបញ្ចូលគ្នានឹងពង្រីកសេវាថែទាំសុខភាពដល់ប្រជាជនចំនួនជាង ៩លាននាក់ ដែលឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវគ្រប់គ្រងវត្តមានរបស់សិស្សឱ្យបានល្អ និងធានាបាននូវការប្រឡងបញ្ចប់វគ្គប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព «កិច្ចការងារនេះ ជាកិច្ចការសំខាន់ គឺគុណភាពនៃការបណ្ដុះបណ្ដាល កន្លងទៅយើងមានពេលខ្លះអត្រា នៃអ្នករៀនមិនចប់ច្រើន ការបោះបង់ច្រើន ហើយកិច្ចការងារនេះគឺមិនធ្វើឱ្យជោគជ័យនូវកម្មវិធីយើងទេ អញ្ចឹងគឺទាមទារនូវការខិតខំរបស់ក្រសួង-ស្ថាប័ន ប៉ុន្តែត្រូវមានការចូលរួមរបស់គ្រួសារ និងយុវជនយើងផ្ទាល់»។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែម ពីលើកម្មវិធីបើកផ្ដល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជន ជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យ និងអនុវិស័យ, ការសិក្សា ទីផ្សារការងារផ្អែកលើចំនួនរោងចក្រសហគ្រាស និងកម្មករនិយោជិត និងគោល នយោបាយអាទិភាពពាក់ព័ន្ធ ដោយបានកំណត់យកមុខជំនាញសម្រាប់ ជំហាន ដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកា និករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា ខណៈសិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សា យោ បល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិត ប្រា កដ ដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺបងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលទទួលមរណភាព ជាមួយការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះនឹងគ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រជាជនសរុបប្រមាណជាង ៥លាននាក់។
ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន១.៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។
22-វិច្ឆិកា-2024 - ម៉ោង 11:28:AM
21-វិច្ឆិកា-2024 - ម៉ោង 09:10:AM
20-វិច្ឆិកា-2024 - ម៉ោង 01:33:PM
31-តុលា-2024 - ម៉ោង 04:20:PM