អត្ថបទ៖ យូ វាសនា
ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលដែលចេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ ទី៤.គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នេះធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល អប់រំ សន្ដិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់លាស់រួចហើយដោយមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។ ប្រទេសនីមួយៗ រក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានបានឡើយ។
កាលពីដើមសប្ដាហ៍នេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានពន្យល់អំពីកិច្ចសហប្រតិបត្តិការ CLV DTA នេះ ដោយបញ្ជាក់ថា ប្រទេសទាំង ៣ គ្រប់គ្រងលើអធិបតេយ្យភាពនៃដែនដីរបស់ខ្លួនរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានអ្នកណាឡើយ ហើយការបង្កើតកិច្ចសហប្រតិបត្តិការនេះមិនមែនជាការដាក់បញ្ចូលទឹកដីបង្កើតបានជាដែនដី ឬ ប្រទេសថ្មីនោះដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំប្រទេសឈានឆ្ពោះទៅពង្រឹងសេដ្ឋកិច្ចសង្គម និងនយោបាយទាំងក្នុងប្រទេសនិងនយោបាយការទូត ដោយរក្សាឱ្យបានជាដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ»។ ក្នុងរយៈពេលមួយសប្ដាហ៍នេះ មានមតិលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយពលរដ្ឋមួយចំនួនបង្ហាញពីការបារម្ភណ៍រឿងបាត់បង់ទឹកដីតាមរយៈកិច្ចសហប្រតិបត្តិការ CLV DTA នេះ ដែលត្រូវបានផ្ដួចផ្ដើមដំបូងនៅឆ្នាំ ១៩៩៩។ ពលរដ្ឋខ្លះក៏បង្ហាញក្ដីបារម្ភណ៍ចំពោះការបាត់បង់ធនធានធម្មជាតិដែលមាននៅក្នុងខេត្តទាំងបួន រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី របស់កម្ពុជា ដែលជាផ្នែកនៃ CLV DTA៕
22-វិច្ឆិកា-2024 - ម៉ោង 11:28:AM
21-វិច្ឆិកា-2024 - ម៉ោង 09:10:AM
20-វិច្ឆិកា-2024 - ម៉ោង 01:33:PM
31-តុលា-2024 - ម៉ោង 04:20:PM