អត្ថបទ៖ យូ វាសនា
ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកទី៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ៦២ សំឡេង ឱ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា។
បន្ទាប់ពីត្រូវបានបោះឆ្នោតឱ្យក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥ សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណ ចំពោះសមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំង៨ ដែលភាគច្រើនលើសលប់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងការដឹកនាំរបស់សម្តេច និងឯកឧត្តមទាំងពីរ បានជួយពង្រឹងស្ថាប័នមួយនេះក្នុង រយៈពេលជាច្រើនឆ្នាំកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។
គួរំលឹកថា កាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែនបានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា ដែលនៅពេលនោះសម្តេចមានតួនាទីជាតំណាងរាស្ត្រនីតិកាលទី៧នៅមណ្ឌលខេត្តកណ្តាល។
ការបោះឆ្នោតជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានីតិកាលទី៥នេះ បន្ទាប់ពីកាលថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគ ទាំង៨ បានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលក្នុងនោះលទ្ធផលគឺ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ៥៥ ក្នុងចំណោមអាសនៈសរុប ៥៨ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ ៕
22-វិច្ឆិកា-2024 - ម៉ោង 11:28:AM
21-វិច្ឆិកា-2024 - ម៉ោង 09:10:AM
20-វិច្ឆិកា-2024 - ម៉ោង 01:33:PM
31-តុលា-2024 - ម៉ោង 04:20:PM