សារព័ត៌មានបៃតងប៉ុស្តិ៍

គណៈកម្មការព្រឹទ្ធសភាកម្ពុជា បដិសេធការចោទប្រកាន់របស់ភាគីថៃ និងអះអាងសិទ្ធិអធិបតេយ្យលើទឹកដីកម្ពុជា

17 ម៉ោងមុន

ភ្នំពេញ — គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ដែលខ្លួនចាត់ទុកថា «គ្មានមូលដ្ឋាន» ពីគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

 

សេចក្ដីថ្លែងការណ៍ដែលចុះហត្ថលេខាដោយ បណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានអះអាងថា អធិបតេយ្យភាពរបស់កម្ពុជាលើទឹកដីរបស់ខ្លួនត្រូវបាន «ចាក់គ្រឹះយ៉ាងរឹងមាំតាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ»។

 

តាមសេចក្ដីថ្លែងការណ៍ គណៈកម្មការព្រឹទ្ធសភាកម្ពុជាបានបដិសេធសេចក្ដីថ្លែងការណ៍របស់ លោក Nophadol In-na ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ដែលត្រូវបានលើកឡើងថា បានចេញកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

 

តាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មការព្រឹទ្ធសភាកម្ពុជាថ្លែងថា «ការបន្តពង្រាយកងទ័ពទៅមុខ និងការឈ្លានពានតាមផ្លូវអាកាសជាបន្តបន្ទាប់ពីសំណាក់ប្រទេសថៃ គឺជាការរំលោភបំពានដោយផ្ទាល់លើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងពិធីសារទ្វេភាគីដែលមានស្រាប់» ។

 

សេចក្ដីថ្លែងការណ៍បានជំទាស់នឹងការបកស្រាយថា ក្របខ័ណ្ឌបទឈប់បាញ់អាចត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ភាពស្របច្បាប់ដល់ការឈរជើងរបស់កងទ័ពនៅតំបន់មានជម្លោះ។ តាមសេចក្ដីថ្លែងការណ៍ «បទឈប់បាញ់មិនផ្តល់អធិបតេយ្យភាពនោះទេ» ។

 

គណៈកម្មការបានអះអាងថា បទឈប់បាញ់បណ្ដោះអាសន្នមិនអាចត្រូវបានប្រើប្រាស់ដើម្បី «ធ្វើឱ្យការកាន់កាប់ដោយយោធាដោយខុសច្បាប់ទៅជាស្របច្បាប់» ឬបង្កើតសិទ្ធិទឹកដីថ្មីតាមរយៈការបង្កើតស្ថានភាពជាក់ស្តែងនៅលើដីបានឡើយ។

 

សេចក្ដីថ្លែងការណ៍ក៏បានបញ្ជាក់ថា ខ្សែបន្ទាត់ព្រំដែននៅតំបន់មានជម្លោះ ឬតំបន់ដែលមិនទាន់បានវាស់វែង គួរត្រូវបានដោះស្រាយតាមសន្ធិសញ្ញាទ្វេភាគី និងយន្តការការទូតដោយសន្តិវិធី។

 

ចំពោះការចោទប្រកាន់អំពី «ការបាញ់មុន» និងការវាយប្រហារលើគោលដៅស៊ីវិល គណៈកម្មការព្រឹទ្ធសភាកម្ពុជាបានបដិសេធការអះអាងដែលខ្លួនចាត់ទុកថា គ្មានភស្តុតាង ហើយបានអំពាវនាវឱ្យមានការវាយតម្លៃដោយឯករាជ្យ និងការផ្ទៀងផ្ទាត់ជាអន្តរជាតិ។

 

តាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា «កម្ពុជាអំពាវនាវឱ្យមានការវាយតម្លៃកោសល្យវិច័យដោយឯករាជ្យ និងមានការផ្ទៀងផ្ទាត់ជាអន្តរជាតិ ដើម្បីលាតត្រដាងឱ្យឃើញច្បាស់ថា ភាគីណាជាអ្នកបាញ់មុន និងយកសហគមន៍ស៊ីវិលជាគោលដៅវាយប្រហារ» ។

 

សេចក្ដីថ្លែងការណ៍ក៏បានលើកឡើងពីប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ដែលខ្លួនចាត់ទុកថា ជា ជនផ្លាស់ទីលំនៅក្នុងស្រុក (IDPs) ហើយបានបដិសេធការពិពណ៌នាពួកគេថា ជា «អ្នកចូលទន្ទាន»។

 

តាមសេចក្ដីថ្លែងការណ៍ ប្រជាពលរដ្ឋទាំងនេះមានសិទ្ធិវិលត្រឡប់ទៅកាន់ដីធ្លី និងលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។

 

គណៈកម្មការក៏បានចោទប្រកាន់ថា ការប្រើប្រាស់ការល្បាតដោយគ្មានការអនុញ្ញាត និងការធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ទីលំនៅ គឺជាផ្នែកមួយនៃអ្វីដែលសេចក្ដីថ្លែងការណ៍ហៅថា «យុទ្ធសាស្ត្រហាន់សាច់ក្រក» (salami-slicing strategy) ហើយបានអំពាវនាវឱ្យកងទ័ពថៃដកចេញពីតំបន់ដែលកម្ពុជាអះអាងថាជាទឹកដីរបស់ខ្លួន។

 

ចំពោះការអំពាវនាវឱ្យកម្ពុជាជៀសវាងការធ្វើ «អន្តរជាតូបនីយកម្ម» ជម្លោះ គណៈកម្មការព្រឹទ្ធសភាកម្ពុជាបានចាត់ទុកការលើកបញ្ហាតាមវេទិកាសភាតំបន់ និងអន្តរជាតិថា ជាយន្តការការទូតដោយសន្តិវិធី និងស្របច្បាប់។

 

តាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា «វាជាកាតព្វកិច្ចរបស់យើងក្នុងការជម្រាបជូនសហគមន៍អន្តរជាតិអំពីតថភាពជាក់ស្តែងនៅនឹងកន្លែងផ្ទាល់» ។

 

គណៈកម្មការបានបន្ថែមថា សន្តិភាពយូរអង្វែងត្រូវផ្អែកលើការគោរពច្បាប់អន្តរជាតិ និងព្រំដែនប្រវត្តិសាស្ត្រ ដែលសេចក្ដីថ្លែងការណ៍បានយោងទៅលើ អនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។

 

នៅចុងបញ្ចប់ គណៈកម្មការបានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងស្ថិរភាពក្នុងតំបន់ ខណៈអះអាងថា ការទូតត្រូវផ្អែកលើទំនុកចិត្តទៅវិញទៅមក តម្លាភាព និងការគោរពសន្ធិសញ្ញាដែលមានស្រាប់។ 

ព័ត៌មានទាក់ទង

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា គណៈកម្មការព្រឹទ្ធសភាកម្ពុជា បដិសេធការចោទប្រកាន់របស់ភាគីថៃ និងអះអាងសិទ្ធិអធិបតេយ្យលើទឹកដីកម្ពុជា ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល CMAC បង្ហាញពីសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជាឆ្លើយតបប្រធានព្រឹទ្ធសភាថៃ«យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» និងអះអាងថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំង កម្ពុជាបន្តបកអាក្រាតសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាក្នុងវេទិការអន្តរជាតិ កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ រដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឱ្យកម្ពុជា–ថៃ ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម