
ដោយ៖ វិចិត្រ
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានឱ្យដឹងថា ក្រុមការងាររបស់ខ្លួនបានចុះល្បាតការពារធនធានធម្មជាតិរយៈពេល ៣យប់ ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយអះអាងថា បានប្រទះឃើញសកម្មភាពបទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃជាច្រើនករណីនៅក្នុងតំបន់ព្រៃឡង់។ នេះបើតាមការផ្សព្វផ្សាយរបស់បណ្តាញសហគមន៍ព្រៃឡង់ នៅថ្ងៃចន្ទម្សិលមិញ។
តាមការរាយការណ៍របស់បណ្ដាញសហគមន៍ ក្នុងអំឡុងពេលចុះល្បាត ក្រុមការងារបានប្រទះឃើញរណាយន្តចំនួន ២គ្រឿង គោយន្តចំនួន ៣គ្រឿង និងមនុស្សពាក់ព័ន្ធនឹងបទល្មើសចំនួន ៦នាក់។ លើសពីនេះ ក៏បានរកឃើញឈើក្តារអារជ្រៀករួចចំនួន ២១១សន្លឹក និងឈើសសរចំនួន ៤ដើម ដែលមានមាឌសរុបប្រមាណ ៦,៤ម៉ែត្រគូប ព្រមទាំងគល់ឈើកាប់រួចចំនួន ២១គល់ ក្នុងនោះមានប្រភេទឈើទាល កកោះ ផ្ទៀក និងដួងចែម។
បណ្ដាញសហគមន៍ក៏បានអះអាងថា បានប្រទះឃើញទីតាំងកាប់ឆ្ការដីព្រៃធ្វើចម្ការចំនួន ៥កន្លែង និងទីតាំងដាក់អន្ទាក់ចាប់សត្វសំពោចចំនួន ១កន្លែង។ ទីតាំងបទល្មើសទាំងនោះ ស្ថិតនៅតំបន់អូរពោធិ៍រោង ស្រែក្រពើ ដូនតី ល្បើក ចង្ហារ និងតាងួន ក្នុងភូមិសាស្ត្រព្រៃឡង់ ខេត្តព្រះវិហារ។
ដោយឡែក នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងថា បានប្រទះឃើញរថយន្តមួយគ្រឿងកំពុងលើកឈើដាក់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឈើដែលត្រូវបានលើកដាក់នោះជាប្រភេទឈើបន្ទះ ទំហំ ២៥សង់ទីម៉ែត្រ x ២សង់ទីម៉ែត្រ x ៤ម៉ែត្រ ចំនួនសរុប ២៨៣សន្លឹក ស្មើនឹងប្រមាណ ៥,៦ម៉ែត្រគូប។
តាមការអះអាងរបស់បណ្ដាញសហគមន៍ ម្ចាស់ឈើ និងម្ចាស់រថយន្តមានឈ្មោះ យ៉ាន ថា រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ហើយរថយន្តដឹកឈើនោះមិនមានស្លាកលេខឡើយ។
ប្រភពដដែលបន្តថា ក្រោយពេលត្រូវបានប្រទះឃើញ មនុស្សដែលនៅកន្លែងកើតហេតុបាននាំគ្នាទម្លាក់ឈើចេញពីរថយន្ត មុននឹងបើករថយន្តគេចខ្លួនបាត់។ បណ្ដាញសហគមន៍បានបញ្ជាក់ថា សមាជិករបស់ខ្លួនមិនហ៊ានរារាំងរថយន្តដោយផ្ទាល់នោះទេ ដោយសារបារម្ភពីសុវត្ថិភាព។
ក្នុងហេតុការណ៍នេះ លោក ម៉ា ចិត្រា សមាជិកបណ្ដាញសហគមន៍ បានទាក់ទងទៅមន្ត្រីបរិស្ថានឈ្មោះ យ៉ាន សុផាន់ណា ដើម្បីស្នើសុំអន្តរាគមន៍ ប៉ុន្តែមន្ត្រីរូបនោះបានជម្រាបថា ស្នាក់ការមិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ចុះអន្តរាគមន៍ ខណៈរូបលោកក៏កំពុងស្ថិតក្នុងការសុំច្បាប់ឈប់សម្រាករយៈពេលពីរបីថ្ងៃផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់បណ្តាញសហគមន៍ព្រៃឡង់។
បណ្ដាញសហគមន៍បន្តថា បន្ទាប់ពីក្រុមការងារចាកចេញពីទីតាំងកើតហេតុ លោក យ៉ាន សុផាន់ណា បានទាក់ទងមកលោក ម៉ា ចិត្រា ម្តងទៀត ដើម្បីសាកសួរអំពីទីតាំងដែលជនសង្ស័យបានទម្លាក់ឈើទុក៕
បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹកចេញដោយខុសច្បាប់
អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់
ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង
ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយបង្កការបំពុល និងត្រីងាប់
ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ
ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៩៦៧ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦
ម្សិលមិញ ម៉ោង 11:04:AM
16-កក្តដា-2026 - ម៉ោង 09:51:AM
15-កក្តដា-2026 - ម៉ោង 10:40:AM
13-កក្តដា-2026 - ម៉ោង 11:21:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា