សារព័ត៌មានបៃតងប៉ុស្តិ៍

សម្ពាធទាបបន្តមានឥទ្ធិពលលើកម្ពុជា ខណៈតំបន់ជាច្រើនអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ 

30-មិថុនា-2026 - ម៉ោង 10:01:AM

 

សម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា កំពុងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះត្រូវបានព្យាករថា នឹងបង្កឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតំបន់មួយចំនួនក្នុងប្រទេស ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមប្រតិបត្តិព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស ចុះថ្ងៃទី៣០ ខែមិថុនា។ 

 

សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមាស្ថិតនៅប្រមាណ ២៥អង្សាសេ និងអតិបរមា ៣៦អង្សាសេ ដោយមានខ្យល់បក់ពីទិសនិរតី និងទិសពាយ័ព្យ ក្នុងល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រមាណ ៥០ភាគរយនៃផ្ទៃដី។

 

ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់ពីទិសនិរតី និងទិសបស្ចិម ក្នុងល្បឿនមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រមាណ ៤០ភាគរយនៃផ្ទៃដី។

 

ដោយឡែក តំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់ពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រមាណ ៥០ភាគរយនៃផ្ទៃដី។

 

ជាមួយគ្នានេះ រលកសមុទ្រត្រូវបានព្យាករថា មានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រ ដល់ ១,៥០ម៉ែត្រ។ ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក គួរបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានក្នុងអំឡុងពេលខាងមុខ៕

ព័ត៌មានទាក់ទង

កម្ពុជាជំរុញការតភ្ជាប់រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់ បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់ អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម