អត្ថបទ៖សំនៀង
វេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ឆ្នាំ២០២៤នេះ គឺរៀបចំឡើងក្រោមមូលបទ ៖ «គាំពារសង្គមសម្រាប់ទាំងអស់គា្ន ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា"។ វេទិកានេះមានគោលបំណងធំៗ ដូចខាងក្រោម ៖ក). ពង្រឹងគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជាតាមរយៈកិច្ចសន្ទនាសង្គម រវាងថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ជាមួយនិយតករនិងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ស្ដីពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការរបស់បេឡាជាតិសន្តិ- សុខសង្គម ដើម្បីធានា គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយ យុត្តិធម៌ នៅកម្ពុជា។ ខ). ស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានា របស់ថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ស្ដីពីរបប និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បីឆ្លើយតបទៅនឹងអន្តរកាលប្រកបដោយយុត្តិធម៌។ គ). ពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាសង្គម រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខ សង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលជាឧត្តមប្រយោជន៍ដល់ការតាក់តែងគោលនយោបាយ ក្នុងន័យធានាគាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា។
វេទិកានេះ គឺត្រូវបានរៀបចំឡើងជាប់ៗគ្នារយៈពេល២ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយអង្គការ OXFAM និងអង្គការសង្គមស៊ីវិល និងសហជីព។ វេទិកានេះ ក៏ជាការបិទបញ្ចប់យុទ្ធនាការ និងកិច្ចសន្ទនា សង្គមប្រចាំឆ្នាំ២០២៤ផងដែរ និងដើម្បីរួមគ្នាពិនិត្យលើបញ្ហាប្រឈម និងសំណូមពរនានា ដែលប្រមូល បានពីវេទិកាថ្នាក់តំបន់ ដែលរៀបចំនៅ៣ភូមិសាស្ត្រប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា មានដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តស្វាយរៀង។
លោក តាន់ វិសាល តំណាងអង្គការ OXFAM បានលើកឡើងក្នុងវេទិកាប្រចាំលើកទី៤ ដែលប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា ក្នុងឆ្នាំ២០២៤នេះ អង្គការអុកស្វាមបានរៀបចំវេទិការនេះចំនួន៣លើករួចមកហើយដោយថ្ងៃនេះដែរគឺជាការបិទបញ្ចប់នៃវេទិកានេះដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា។ លោកឱ្យដឹងថា តាមការពិភាក្សាថ្នាក់តំបន់ចំនួន៣លើកកន្លងទៅនេះ ឃើញថាអង្គការ OXFAM ក៏ទទួលបាននូវបញ្ហាប្រឈម ក្ដីកង្វល់នានាពីអ្នកចូលរួមដែលជាកសិករ កម្មករ ទៅលើការអនុវត្តគោលនយោបាយ និងសេវាគាំពារសង្គមផងដែរ។ លោកបានបន្ថែមថា អង្គការ OXFAM នៅតែបន្តសកម្មភាពការងារជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយនឹងបេឡាជាតិសន្តិសុខសង្គម ដើម្បីធានាថាប្រជាពលរដ្ឋនឹងរងផលប៉ះពាល់តិចតួចនៃសង្គម ដើម្បីឈានទៅរកការបង្កើតការងារសមរម្យ លុបបំបាត់ភាពក្រីក្រ និងការពារមនុស្សពីហានិភ័យ ប្រកបដោយយុត្តិធម៌មានន័យថាមនុស្សគ្រប់រូប ជាពិសេសសហគមន៍ដែលងាយរងគ្រោះអាចទទួលបានអត្ថប្រយោជន៍ ឆ្ពោះទៅកាន់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលសង្កត់ធ្ងន់ទៅលើមូលដ្ឋានគ្រឹះនៃប្រព័ន្ធគាំពារសង្គម និងការកសាងសហគមន៍ដែលមានភាពធន ដោយមិនទុកនរណាម្នាក់ចោល។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា តាងនាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាល វិជ្ជាជីវៈ និងឯកឧត្តមផ្ទាល់ ពិតជា រីករាយ ដោយបានចូលរួមជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និង តំណាងកម្មករនិយោជិត ដែលសហការរៀបចំដោយ បេឡាជាតិសន្តិសុខសង្គមនៃក្រសួង ការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងអង្គការ OXFAM នាពេលនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការ OXFAM និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលបានសហការរៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិនេះឡើង ដើម្បីគាំទ្រដល់ ប.ស.ស. នៃ ក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈកន្លងមក និងសូមអរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃវេទិកាប្រចាំឆ្នាំថ្នាក់ជាតិទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងវេទិកាប្រចាំឆ្នាំថ្នាក់ជាតិដ៏មានសារសំខាន់នេះ ក្រោម មូលបទ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា។
ប្រព័ន្ធគាំពារសង្គមប្រកបដោយគណនេយ្យភាព និងបរិយាបន្ន គឺជាគោលដៅអាទិភាពមួយ របស់អង្គការOXFAM ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារ សង្គម និងបេឡាជាតិសន្តិសុខសង្គម និងមូលនិធិជាតិជំនួយសង្គម ក្នុងការពង្រីកវិសាលភាពគ្របដណ្ដប់ អត្ថប្រយោជន៍ និងដើម្បីពង្រឹងបរិយាបន្ន ក៏ដូចជាគណនេយ្យភាពសង្គមនៃប្រព័ន្ធគាំពារសង្គម អង្គការ OXFAM បានសហការជាមួយក្រសួងពាក់ព័ន្ធ និងអង្គការដៃគូអនុវត្តគម្រោងគាំពារសង្គមមួយចំនួនរួម មាន ៖ ១). គម្រោង “ការធ្វើឱ្យប្រសើរឡើងដល់ការគាំពារសង្គម និងសិទ្ធិការងារសម្រាប់កម្មករជាស្រ្ដីក្នុង ស័យកសិ-ស្បៀងអាហារ» ក្រោមមូលនិធិរាជរដ្ឋាភិបាលបែលហ្សិក (DGD) និង ២). គម្រោង “គាំពារ សង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កម្មករនិយោជិតក្នុងវិស័យ កាត់ដេរ» (INSPIRE) ក្រោមជំនួយរបស់មូលនិធិ Laudes Foundation និង KLUB៕
03-ធ្នូ-2024 - ម៉ោង 04:00:PM
03-ធ្នូ-2024 - ម៉ោង 08:46:AM
02-ធ្នូ-2024 - ម៉ោង 04:19:PM
02-ធ្នូ-2024 - ម៉ោង 11:04:AM