អត្ថបទ៖ កែវ រតនៈ
ក្នុងលិខិតបំភ្លឺដែលចេញដោយលោក មេធាវី ជ្រ គីមហេង មេធាវី តំណាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសរសេរថា នាពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មាន និងការអត្ថាធិប្បាយដោយចេតនាទុច្ចរិត បំផ្លើសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ ព្រមទាំងញុះញង់ជាអវិជ្ជមាន តាមបណ្ដាញសង្គម និងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ក្រៅច្បាប់ បង្កឡើងដោយទណ្ឌិត អ៊ឹង លីប៉េង និងបក្ខពួក ដើម្បីទំលាក់កំហុសដោយអសុទ្ធចិត្ត និងប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ជាការពិតដែល តុលាការគ្រប់ជាន់ថ្នាក់ (សាលាដំបូងដល់តុលាការកំពូល) បានសម្រេចសេចក្តីផ្តន្ទាទោសដាក់ពន្ធនាគារលើ ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង និងបញ្ជាក់ពីភាពត្រឹមត្រូវ ស្អាតស្អំ ផ្តល់យុត្តិធម៌ជូនឯកឧត្តម អ៊ាង សុផល្លែត ជាជន រងគ្រោះដែលត្រូវបានច្បាប់ការពារស្របតាមគោលការណ៍នីតិរដ្ឋ។ បច្ចុប្បន្ន ទណ្ឌិតរូបនេះបានគេចខ្លួន និងមិន ទាន់បានអនុវត្តទោសចប់សព្វគ្រប់តាមការកំណត់នៅឡើយទេ ព្រមទាំងបានផ្សព្វផ្សាយ និងធ្វើអត្ថាធិប្បាយជា រឿយៗតាមរយៈបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយមួយចំនួនតូច រួមទាំងសារព័ត៌មានក្រៅច្បាប់ ក្នុងន័យជា ការប្រឌិតរឿងហេតុដោយគ្មានមូលដ្ឋានភស្តុតាងពិតប្រាកដ ជាមួយនឹងចេតនាទុច្ចរិតដើម្បីចោទប្រកាន់ជា បន្តបន្ទាប់មកលើ ឯកឧត្តម អ៊ាង សុផល្លែត។ ទន្ទឹមនឹងនេះ ទង្វើរបស់ទណ្ឌិតរូបនេះ និងបក្ខពួក បានស្តែងឱ្យឃើញពីការប្រមាថ ការបរិហារ ការគំរាមកំហែង និងការញុះញង់ឱ្យមានការរើសអើងទៅលើថ្នាក់ដឹកនាំជា រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន ក៏ដូចជាការមិនគោរព និងអនុវត្តសេចក្ដីសម្រេចរបស់តុលាការដែលសម្រេច យ៉ាងត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។
ជាការឆ្លើយតបចំពោះករណីខាងលើនេះ និងជាការអនុវត្តសិទ្ធិពេញលេញតាមផ្លូវច្បាប់ ឯកឧត្តម អ៊ាង សុផល្លែត គោរពស្នើសុំសា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ទៅលើទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង និងបក្ខពួក ហើយក៏អំពាវនាវ និងលើកទឹកចិត្តឱ្យទណ្ឌិតរូបនេះចូលមកបង្ហាញខ្លួនដើម្បីទទួល ខុសត្រូវទៅលើទង្វើរបស់ខ្លួនតាមច្បាប់កំណត់ ជៀសជាងការគេចវេសជាមួយនឹងទណ្ឌភាព។ ទន្ទឹមនឹងនេះ ទណ្ឌិតរូបនេះក៏អាចអនុវត្តសិទ្ធិពេញលេញតាមផ្លូវច្បាប់ចំពោះការតតាំងដោយស្មើភាពគ្នាតាមផ្លូវច្បាប់ ដោយ អនុលោមតាមនីតិវិធីជាធរមាននៅចំពោះមុខស្ថាប័នមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈសេចក្ដីបំភ្លឺនេះ សូម សាធារណជន មេត្តាជ្រាបអំពីការពិតនៃដំណើររឿងនេះ និងជៀស វាងការភាន់ច្រឡំដោយជឿលើព័ត៌មានប្រឌិតដែលគ្មានមូលដ្ឋានច្បាស់លាស់របស់ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង និងបក្ខពួក។
កាលពីចុងឆ្នាំ២០២៣ ទំព័រហ្វេសប៊ុក VOD Khmer បានចុះផ្សាយថា លោកអ៊ឹង លីប៉េង បានអំពាវនាវឱ្យរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ ដោយចោទប្រកាន់ថា ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបោកយកលុយជាង៨ម៉ឺនដុល្លារ ករណីទិញដីជាង១៤០ហិកតា នៅខេត្តកំពត ដោយលោកអះអាងថា លោកបានជួយទិញដីឱ្យឯកឧត្តម អ៊ាង សុផល្លែត ថ្លៃជាង៤លានដុល្លារអាមេរិក ដូច្នេះលោកត្រូវបានកម្រៃជើងសារពីម្ចាស់ដីជាង៨ម៉ឺនដុល្លារ តែត្រូវបានរដ្ឋមន្រ្តីក្រសួងបរិស្ថានកាត់ទុកទាំងអស់ទៅវិញ៕
03-ធ្នូ-2024 - ម៉ោង 04:00:PM
03-ធ្នូ-2024 - ម៉ោង 08:46:AM
02-ធ្នូ-2024 - ម៉ោង 04:19:PM
02-ធ្នូ-2024 - ម៉ោង 11:04:AM