អត្ថបទ៖ កែវ រតនៈ
ក្នុងទិវាដែលប្រពឹត្តទៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅ សណ្ឋាគារសាន់វេ នារាជធានីភ្នំពេញនេះ លោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់IDEA មានប្រសាសន៍ថា ទិវាអន្តរជាតិអ្នកលក់តាមដងផ្លូវនេះត្រូវបានបង្កើតឡើង១២ឆ្នាំមកហើយដែលកើតចេញពីការទាមទារសិទ្ធិរបស់កម្មករ និងអ្នកលក់ដូរតាមដងផ្លូវ ជាពិសេសនៅតំបន់អាហ្រិកខាងត្បូង អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ផងដែរ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ និងឯកសារគតិយុត្តិជាច្រើនដើម្បីគាំពារដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសគឺអ្នកលក់ដូរតាមដងផ្លូវដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះកម្មករ អ្នកដែលប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យ៉ាងនេះក្តីលោកក៏អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើកម្មករ អ្នកដែលប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកលក់ដូរតាមដងផ្លូវ ព្រោះរហូតមកដល់ពេលនេះនៅតែមានជនខិលខូចមួយចំនួនមិនគោរពតាមឯកសារ គតិយុត្តិរបស់រាជរដ្ឋាភិបាល ដោយបានក្លែងបន្លំជាអាជ្ញាធរ និងសមត្ថកិច្ច មកទារលុយឥតល្ហែពីអ្នកលក់ដូរតាមដងផ្លូវ ជាពិសេស ពេលដែលកម្មករ កម្មការិនីចេញពីធ្វើការ ដែលនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពអ្នកលក់ដូរតាមដងផ្លូវ។
លោក តាន់ វិសាល អ្នកសម្របសម្រួលកម្មវិធីគាំពារសង្គមនិង សិទ្ធិការងារ របស់អង្គការអុកស្វាម មានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក អ្នកលក់ដូរតាមផ្លូវមានចំនួនកើនជាលំដាប់ និងឆាប់រហ័ស ព្រោះវាជាប្រភពការងារ និងប្រភពចំណូលយ៉ាងសំខាន់សម្រាប់គ្រួសារដែលមានជីវភាពកម្រិតទាប។ លោកបន្តថា អ្នកលក់ដូរតាមដងផ្លូវ ត្រូវប្រើចិញ្ចើមផ្លូវ ទីសាធារណៈ ហើយត្រូវបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ តែអ្នកលក់ដូរតាមដងផ្លូវបាន និងកំពុងធ្វើឱ្យប្រសើរឡើងនូវ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដូចនេះអ្នកលក់ដូរតាមដងផ្លូវមានសិទ្ធិដូចកម្មករក្នុងវិស័យដទៃទៀតផងដែរ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលយុត្តិធម៌ ក៏ជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ហើយក៏ស្របតាមយុទ្ធសាស្ត្រគាំពារសង្គមដែលរាជរដ្ឋាភិបាលបានដាក់តាំងពីឆ្នាំ២០១៦ផងដែរ។ ឯកឧត្តមក៏បានលើកឡើងថា ការលក់ដូរតាមដងផ្លូវគឺមានជាយូរណាស់មកហើយ តាំងពីសម័យបុរាណ ដែលការលក់ដូររបៀបនេះគឺតែងតែជួបការប្រឈម ជាពិសេសគឺកត្តាអាកាសធាតុ ពោលគឺកម្ដៅបានកើនឡើងជាបន្តបន្ទាប់ ដែលនេះតម្រូវឱ្យមានដំណោះស្រាយរួមគ្នា។
ចំពោះការលើកឡើងរបស់លោក វន់ ពៅជុំវិញការបណ្ដេញអ្នកលក់ដូរតាមចិញ្ចើមផ្លូវចេញ និងការទារលុយពីអ្នកលក់ដូរតាមដងផ្លូវវិញ ឯកឧត្តម ហេង សួរ សន្យាថានឹងយកបញ្ហានេះទៅពិភាក្សាជាមួយអាជ្ញាធរ ជាពិសេសគឺអាជ្ញាធររាជធានីភ្នំពេញតែម្ដង។ យ៉ាងនេះក្តីឯកឧត្តមក៏បានលើកឡើងថា នៅពេលដែលក្រសួងក៏ដូចជាអាជ្ញាធរ ជួយដល់អ្នកលក់ដូរតាមដងផ្លូវ ក៏មានផងដែរការតវ៉ាពីអ្នកលក់ដូរតាមតូបក្នុងផ្សារ ព្រោះថាពួកគេបានទិញ ឬជួលតូបក្នុងផ្សារដែលត្រូវចំណាយប្រាក់ច្រើន តែបែជាលក់មិនឈ្នះអ្នកលក់ដូរតាមដងផ្លូវទៅវិញ៕
03-ធ្នូ-2024 - ម៉ោង 04:00:PM
03-ធ្នូ-2024 - ម៉ោង 08:46:AM
02-ធ្នូ-2024 - ម៉ោង 04:19:PM
02-ធ្នូ-2024 - ម៉ោង 11:04:AM