អត្ថបទ៖ សំនៀង
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អង្គការអុកស្វាមកម្ពុជា សហការជាមួយអង្គការសង្គមស៊ីវិលចំនួន៧ផ្សេងទៀតនៅក្នុងគម្រោង F4A បានរៀបចំកិច្ចសន្ទនាថ្នាក់ជាតិស្ដីពី ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករ ក្នុងខ្សែច្រវាក់ផលិតកម្មចេក និងកៅស៊ូ នៅសណ្ឋាគារកាំបូឌីយាណា ភ្នំពេញ។ គោលបំណងរួមនៃកិច្ចសន្ទនានេះគឺ ដើម្បីនាំយកនូវបញ្ហាប្រឈម និងបញ្ហាសេសសល់ដែលជួបប្រទះដោយកសិករស្ត្រីជាអ្នកផលិតកៅស៊ូខ្នាតតូច កម្មករ និងសហគមន៍ព្រៃឈើ មកពិភាក្សា និងរកដំណោះស្រាយសមស្របរួមគ្នា។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFAM មានប្រសាសន៍ថា ចាប់ពីកំពង់ចាមឡើងទៅដល់ខេត្ត រតនគិរី យើងនឹងបានឃើញ ចំការកសិ-ឧស្សាហកម្មធំៗដូចជា កៅស៊ូ ចេក ស្វាយចន្ទី ជាដើម ដែលមាន ទំហំធំល្វឹងល្វើយដាច់កន្ទុយភ្នែក និងដែលមានពណ៌បៃតងស្ទើរគ្រប់រដូវកាល។លោកស្រីបន្តថា ជារៀងរាល់ឆ្នាំ របាយ ការណ៍ស្តីពីការនាំចេញកសិផលកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាលំដាប់។ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ការនាំចេញកៅស៊ូបានកើនឡើងដល់ ២២៩ លានដុល្លារ ចំនួននេះបាន កើនឡើង ១៩,៨៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លាន ដុល្លារ ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ យោងតាមរបាយការណ៍ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជា មានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺន ហិកតា (៤០៧,១៧២) គិតត្រឹមឆ្នាំ ២០២៣។ ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ មានចំនួនជាង១៤ម៉ឺន ៣ពាន់តោន ដោយទទួលបានទឹកប្រាក់ជាង៩៦ លានដុល្លារ ទោះជាមានការធ្លាក់ចុះជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្លែចេករបស់ កម្ពុជា ភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម ហើយក៏មានលក់លើទីផ្សារក្នុងស្រុកផងដែរ។ បើតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះចេក ប្រមាណ ជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា នៅក្នុងឆ្នាំ២០២២ និងអាចមានការ កើនឡើងតិចតួច ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងកំពង់ស្ពឺ។
ក្នុងកិច្ចសន្ទនានេះ លោក ខៀវ សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចសន្ទនានេះគឺជាវេទិកាមួយដែលផ្ដល់ឱកាសឱ្យភាគីកម្មករ និយោជក និងភាគីពាក់ព័ន្ធបានជួបពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យការអនុវត្តការងារលើវិស័យនៃខ្សែច្រវាក់ផលិតកម្មចេក និងកៅស៊ូ ទទួលបានលទ្ធផលល្អសម្រាក់ការអនុវត្តការងារនៅពេលអនាគត។ លោកបានបន្តទៀតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលឲ្យវិស័យការងារនៅកម្ពុជាដើរទៅមុខជាដរាប។
លោកសឿង សារឿន នាយកប្រតិបត្តិនៃអង្គការ NGOF បានមានប្រសាសន៍ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤មក ក្រុមការងារនៃគម្រោង F4A បានចុះសិក្សាស្រាវជ្រាវដោយផ្ទាល់ជាមួយនឹងកម្មករធ្វើការនៅតាមក្រុមហ៊ុនចម្ការចេក និងកៅស៊ូបានរកឃើញថា នៅក្នុងក្រុមហ៊ុនមួយចំនួនក្រុមកម្មករបានស្នើឱ្យប្រធាន ឬនិយោជកចុះពិនិត្យមើលដោយផ្ទាល់ ព្រោះថាមានការកាត់លុយកម្មករ និងការកេងប្រវ័ញកម្លាំងពលកម្មជាដើម។ កម្មករក៏បានស្នើឱ្យមន្រ្តីមានជំនាញចុះធ្វើអធិការកិច្ចលើការអនុវត្តលក្ខណ័ការងាររបស់កម្មករដល់ក្រុមហ៊ុនផ្ទាល់ ស្នើសុំឱ្យមន្ត្រី ប.ស.ស ចុះធ្វើបណ្ណប.ស.សដល់កម្មករ និងប្រាក់សោធននិវត្តន៍ផងដែរ។ កម្មករក៏បានស្នើសុំកុំឱ្យមានការរើសអើងនៅកន្លែងការងារ ជាពិសេសទៅលើកម្មករជាស្ត្រី ហើយត្រូវមានសម្ភារៈឱ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ដើម្បីការងារកុំឱ្យមានការពុលថ្នាំជាដើម។ ម៉្យាងវិញទៀត កម្មករដែលធ្វើការក្នុងវិស័យឧស្សាហកម្មស្នើសុំឱ្យក្រសួងមានការកំណត់ប្រាក់ខែគោលឱ្យដូចជាកម្មកររោងចក្រផងដែរ។ ជាពិសេស សូមឱ្យនយោជិកគោរពសិទ្ធិកម្មករលើថ្ងៃឈប់សម្រាកថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗ។
ឆ្លើយតបទៅនឹងការលើកឡើងនេះលោក កែវ សុថេត អនុប្រធានការិយាល័យចាត់តាំង តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងក្រុមហ៊ុនក្រុងប៊ុគរតនគិរី បានមានប្រសាសន៍ថា កន្លងមកក្រុមហ៊ុនរបស់លោកបានខិតខំប្រឹងប្រែងក្នុងការជួយរកដំណោះស្រាយឱ្យក្រុមកម្មករ ធ្វើយ៉ាងណាឱ្យទទួលបានសិទ្ធិពេញលេញក្នុងការអនុវត្តការងារ ហើយលោកនឹងទទួលយកនូវសំណើរ ក៏ដូចជាសំណូមពររបស់កម្មករ ទៅពិចារណា និងពិភាក្សារកដំណោះស្រាយ ដើម្បីឱ្យអាចធ្វើការងារជាមួយគ្នាបានយូរអង្វែងតទៅទៀត ហើយលោកក៏អរគុណដល់ក្រុមការងារ F4A ដែលបានចុះសិក្សាស្រាវជ្រាវ ដែលជាផ្នែកមួយធ្វើឱ្យបានដឹងកាន់តែស៊ីជម្រៅនៅក្នុងប្រព័ន្ធការងាររបស់ក្រុមហ៊ុន៕
រូបភាព៖ អង្គការ OXFAM
03-ធ្នូ-2024 - ម៉ោង 04:00:PM
03-ធ្នូ-2024 - ម៉ោង 08:46:AM
02-ធ្នូ-2024 - ម៉ោង 04:19:PM
02-ធ្នូ-2024 - ម៉ោង 11:04:AM