សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស

21-មករា-2026 - ម៉ោង 11:34:AM

ដោយ៖ សំនៀង

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផា សុកភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ជាលើក ទី២ ដែលរៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA)) ក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បបានមានប្រសាសន៍ថា ក្រសួងការងារ និងក្រសួងសាធារណការ បាននិងកំពុងខិតខំសហការគ្នា ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូររថយន្តពីប្រភេទដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែប្រសើរជាងមុន ដែលមានផាសុកភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក៏ដូចជាការរឹតបន្តឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស។

ឯកឧត្តមបន្តថា ការកែលម្អរថយន្តដឹកកម្មករដែលមានស្ដង់ដារ ដូចជាមានកៅអីអង្គុយ និងដំបូលការពារកម្ដៅ និងភ្លៀងត្រឹមត្រូវនេះ គឺមិនឱ្យមានការខាតបង់ប្រយោជន៍ដល់ភាគីណាមួយឡើយ ទាំងអ្នកបើកបរ បងប្អូនកម្មករ និងម្ចាស់រោងចក្រ ព្រោះថាការជិះឈរប្រជ្រៀតគ្នា គឺអាចប្រឈមនឹងហានិភ័យទាំងសុវត្ថិ​ភាព និងសុខភាព ដែលនាំឱ្យផលិតភាពការងារធ្លាក់ចុះ។ ឯកឧត្តមសង្ឃឹមថាម្ចាស់រោងចក្រ ម្ចាស់ម៉ាកដែលជាអ្នកបញ្ជាទិញ និងបងប្អូនកម្មករនិយោជិត ក៏នឹងចូលរួមចំណែកគាំទ្រ ដើម្បីធានាថាគ្រប់ភាគីទាំងអស់សុទ្ធតែទទួលបានផលពីការកែលម្អនេះ។

លោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ក៏បានសម្តែងការអបអរសាទរចំពោះគម្រោងសាកល្បងនេះ និងបានបញ្ជាក់ថា អង្គការ ILO ត្រៀមខ្លួនជាស្រេចក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបទដ្ឋានកែលម្អ និងពង្រីកគម្រោងនេះទៅបណ្ដាខេត្តផ្សេងៗទៀត ព្រោះវាផ្តល់ប្រយោជន៍យ៉ាងខ្លាំងដល់គ្រប់ភាគី ជាពិសេសគឺសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតដែលជាកត្តាដ៏ចម្បង។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ផាសុកភាព និងសុវត្ថិភាពកម្មករ។ បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំងមានរោងចក្រ សហគ្រាសចំនួន ៤៩៤កន្លែង មានកម្មករនិយោជិតចំនួន ៦៩ ៦៦១នាក់។ ចំណែកស្ថិតិយានយន្ត និងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករសរុបមានចំនួន ៣ ៣០៨គ្រឿង ក្នុងនោះរថយន្តដឹកកម្មករមានចំនួន ៣ ២៤៨គ្រឿង ដែលមានកម្មករជិះរថយន្តសរុបចំនួន ១៣៦ ៦៦០នាក់៕

 

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

សហជីព និងកម្មករនិយោជិតថ្លែង​អំណរគុណ​សម្ដេច​ធិបតី ដែលតែងតែយក​ចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ ក្រសួងកសិកម្ម​​ រៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦ បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥ អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើ​ធៀបនឹងឆ្នាំ២០២៤ ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត ADB ផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់កែលម្អវិស័យធារាសាស្ត្រកសិកម្ម កំពីងពួយ ក្នុងខេត្តបាត់ដំបង ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ ក្រសួងពាណិជ្ជកម្មនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនសរុបជាង៣ពាន់អ្នកនាក់ ទទួលបានកាសឱការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម