សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ

ម្សិលមិញ ម៉ោង 06:02:PM

អត្ថបទ៖ វិចិត្រ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត២៤លាននាក់ (២៣.៩៧៧.៤៤១ នាក់) បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ កើនឡើងចំនួន ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២១.៨១៣.១៣៨ នាក់។ នេះបើតាមរបាយការណ៍ស្ថិតិទេសចរណ៍ចេញផ្សាយដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែមេសាម្សិលមិញ។

របាយការណ៍ឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរចំនួន ២៣.៩៧៧.៤៤១ នាក់ ក៏មានភ្ញៀវអន្តរជាតិចំនួន ១១៥.០៩០នាក់ដែរ ដែលបានធ្វើដំណើរកម្សាន្ត។

របាយការណ៍ដដែលឱ្យដឹងបន្ថែមថា ក្នុងទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី១៤ ខែមេសា មានភ្ញៀវចំនួន ៥.៦៨៥.២២៣ នាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេស ហើយថ្ងៃទី២នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៥ ខែមេសា មានភ្ញៀវចំនួន ៨.៣៦៥.៧២៤ នាក់ ចំណែកថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី១៦ ខែមេសា ចំនួនភ្ញៀវមានការកើនឡើងរហូតដល់ ៩.៩២៦.៤៩៤ នាក់។ ចំណែកខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគឺរាជធានីភ្នំពេញ មានរហូតដល់ ២.៨៦៣.៩២២ នាក់ បន្ទាប់មកខេត្តសៀមរាបមានចំនួន ២.៧៥២.៨១៨ នាក់ តាមពីក្រោយបន្ទាប់ដោយខេត្ត ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់ ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់ និងខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់។

ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។

ជាក់ស្តែង រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅ តាមផ្លូវថ្មើរជើងមាត់ទន្លេ ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តានប្រវែង១ពាន់ម៉ែត្រ ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និងខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម ដែលបានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ខេត្ត របស់ខ្លួន ចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។

ទន្ទឹងនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍនលើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា។

ចំណែកសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាជារួម មានភាពល្អប្រសើរ ខណៈដែលកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។

ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការី មានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត៕

 

 

 

 

ព័ត៌មានទាក់ទង

ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ៨០ម៉ឺននាក់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្តសរុបជិត៣៦ម៉ឺននាក់ និងទេសចរបរទេសប្រមាណជាង១ពាន់នាក់ អ្នកជំនាញអះអាងភ្ញៀវទេសចរចាប់អារម្មណ៍តំបន់២ក្នុងរដូវកាលធ្លាក់ខ្យល់នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤  រយៈពេល០៣ថ្ងៃ មានចំនួនជិត៨លាននាក់ សមាគមទេសចរណ៍កម្ពុជាជំរុញឱ្យក្រសួង និងភាគីពាក់ព័ន្ធសហការសម្របសម្រួលដល់ភ្ញៀវ និងអ្នកសារព័ត៌មានអន្តរជាតិដែលជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម