អត្ថបទ៖សំនៀង
យោងតាមការចុះផ្សាយជាផ្លូវការនៅលើទំព័រហ្វេសបុកផេករបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរហូតដល់ទៅចំនួន ៧,៨៤៤,៣៨៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណជា ៧,៧៥៥,០៩២នាក់ និងភ្ញៀវទេសចរបរទេសចំនួនប្រមាណជា ៨៩,២៩៦នាក់។
ក្នុងចំណោមទាំង២៥ខេត្តក្រុង ឃើញថារាជធានីភ្នំពេញមានកំណើនភ្ញៀវទេសចរច្រើនជាងគេដែលបានមកទស្សនា និងដើលេងកម្សាន្តនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គឺមានរហូតដល់ទៅប្រមាណជា ៦,២៩២,១៨៧នាក់ ខេត្តសៀមរាបមានភ្ញៀវទេសចរប្រមាណជា ៣៤៨,២២៩នាក់ និងខេត្តព្រះសីហនុប្រមាណជា ៣១១,៤៧២នាក់។ ក្រៅពីខេត្ត និងរាជធានីទាំងបីខាងលើដែលនាំមុខគេនៃកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅដើរកម្សាន្តហើយនោះ ខេត្តបៃលិនក៏ជាខេត្តមួយដែលនាំមុខនូវកំណើនភ្ញៀវទេសចរទៅកម្សាន្តផងដែរ ដែលមានរហូតដល់ទៅប្រមាណជា ១៩៥,៥០៨នាក់។
ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃក្នុងឆ្នាំ២០២៤ ដែលមានរហូតដល់ទៅ ៧,៨៤៤,៣៨៨នាក់នេះ ខណៈដែលក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣រយៈពេល៣ថ្ងៃដូចគ្នា គឺភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅទូទាំងប្រទេសចំនួនជិត៥លាននាក់ប៉ុណ្ណោ៕
19-វិច្ឆិកា-2024 - ម៉ោង 01:55:PM
20-មិនា-2024 - ម៉ោង 11:13:AM