ដោយ៖ វិចិត្រ
នៅសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានទាត់ចូលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានប្រើប្រាស់ និងបន្តដាក់គ្រាប់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ គឺជាអ្វីដែលកម្ពុជាហៅថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតពីភាគីថៃ។
តាមរយៈសេចក្តីប្រកាសព័ត៌ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្សនេះ។ ដូច្នេះការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃមកលើកម្ពុជា គឺមិនត្រឹមតែធ្វើ ឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញ ទៅមក។
ក្នុងន័យនេះ ក្រសួងការពារជាតិកម្ពុជា បានស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នា ដូចមានចែងនៅក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)ទាំងអស់ រួមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ដែលបានបញ្ជាក់ថាភាគីទាំងពីរ ត្រូវចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បី កាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយ ផល សម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។
អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕
12 ម៉ោងមុន
17 ម៉ោងមុន
ម្សិលមិញ ម៉ោង 10:56:AM
15-កញ្ជា-2025 - ម៉ោង 08:59:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា