សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្មករនិយោជិត ក្នុងវិស័យកាត់ដេរនឹង ទទួលបាន ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦

ម្សិលមិញ ម៉ោង 03:25:PM

អត្ថបទ៖ កែវ រតនៈ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥  បានបន្តកិច្ចប្រជុំ ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

បន្ទាប់ពីកិច្ចប្រជុំជាច្រើនលើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និង ស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល ខណៈ តំណាងភាគីកម្មករនិយោជិតក៏មិនជំទាស់នឹងសំណើនេះ និងស្នើសុំរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបន្ថែមលើសំណើរបស់តំណាងភាគីនិយោជក ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឯកភាពជាឯកច្ឆន្ទស្នើតួលេខចំនួន ២០៨  ដុល្លារអាម៉េរិក ជូន   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជ្រាបជារបាយការណ៍ និងពិនិត្យសម្រេច។ យោងលើរបាយការណ៍ និងការពិភាក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ដុល្លារអាម៉េរិក របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០  ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយនឹង ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ​ បា​នប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦នេះ គឺហាក់មានការស្រុះស្រួលគ្នាដោយបានស្នើសុំជំហររួមមួយគឺរក្សានូវតួលេខចាស់២០៨ ហើយទុកជូនរាជរដ្ឋាភិបាលជាអ្នកសម្រេច ខណៈដែលកន្លង​មកគឺការសម្រេចនេះគឺកើតចេញពីការបោះឆ្នោត​។ បើតាមឯកឧត្តម ហេង សួរ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ បើតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់គឺមិនទាន់មានប្រទេសណាមួយក្នុងអាស៊ាន ឬនៅក្នុងតំបន់អាស៊ីដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជា និយាយអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមានោះទេដោយរងចាំមើលស្ថានភាពសេដ្ឋកិច្ចពិភពលោក។

លោក ណាង សុធី អនុប្រធានតំណាងអង្គការវិជ្ជាជីវៈ និយោជក បានមានប្រសាសន៍ថា ការឯកភាពគ្នានេះគឺជាស្ពានមួយសម្រាប់ការចរចារប្រាក់ឈ្នួលនៅឆ្នាំក្រោយៗទៀតដែលនឹងទទួលបានលទ្ធផលកាន់តែល្អដែលអាចទទួលយកបានគ្រប់ភាគី។

លោក គឹ​ម ចាន់​សំណាង ប្រធាន​សភា​សម្ព័ន្ធ​សហជីព​កម្ពុជា មានប្រសាសន៍ថានៅឆ្នាំនេះ ភាគីសហជីពជាមួយភាគីនិយោជក មានឱកាសជួបជជែកគ្នាច្រើនដែលឈានទៅដល់ការយល់គ្នាកាន់តែច្រើនអំពីផលប៉ះពាល់នាពេលបច្ចុប្បន្ន តែទោះជាយ៉ាងណាការដំឡើង២ដុល្លាសហរដ្ឋអាម៉េរិកនៅឆ្នាំ២០២៦នេះ គឺជាលទ្ធផលមួយដែលអាចរក្សាបាននូវការងាររបស់កម្មករនិយោជិត និងជាឱកាសស្រូបទាញវិនិយោគិនបន្ថែមខណៈដែលប្រទេសមួយចំនួនកំពុងមានបញ្ហា៕

ព័ត៌មានទាក់ទង

អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការហើយ សហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ ចុះកិច្ចសន្យាកសិកម្មក្នុងការទិញ-លក់ ស្រូវ និងដំឡូងមីសរីរាង្គ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរនឹង ទទួលបាន ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗចំនួន ៧ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ ក្រសួងសង្គមកិច្ច រៀបចំកម្មវិធី តាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ ភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ខណៈនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម