អត្ថបទ៖ វិចិត្រ
ភាគីថៃនៅតែហាក់ចង់បង្កជម្លោះ និងគ្មានឆន្ទៈពិតប្រាកដនៅក្នុងការបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជានោះទេ ដោយខ្លួនបានព្យាយាមលើកឡើងនូវបញ្ហាចាស់ដែលកម្ពុជាបានផ្តល់ការបកស្រាយចប់សព្វគ្រប់រួចរាល់ហើយយ៉ាងក៏ដោយចុះ។
កាលពីពេលថ្មីៗនេះ គេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងកាលពីយប់ថ្ងៃអង្គាម្សិលមិញថា កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយទៅកាន់ភាគីថៃ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។
ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែនពិភាក្សា និងដោះស្រាយស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។ នេះជាការបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងនោះកម្ពុជាបានស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។
ជាមួយគ្នានេះកម្ពុជាក៏បានបញ្ជាក់ជំហររបស់ខ្លួនពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕
14 ម៉ោងមុន
18 ម៉ោងមុន
ម្សិលមិញ ម៉ោង 10:56:AM
15-កញ្ជា-2025 - ម៉ោង 08:59:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា