អត្ថបទ៖ កែវ រតនៈ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញ សមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា នឹងថៃ ក្នុងនោះសម្តេចតេជោ បានប្រាប់ទៅឯកឧត្តមឯកអគ្គរដ្ឋទូត ដោយស្នើឱ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ ដោយសម្តេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ នឹងវិលមករកប្រក្រតីភាពឡើងវិញ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ក៏បានជម្រាបជូនសម្តេចតេជោដែរថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជា បារាំង ឯកឧត្តម ក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត ៕
12 ម៉ោងមុន
17 ម៉ោងមុន
ម្សិលមិញ ម៉ោង 10:56:AM
15-កញ្ជា-2025 - ម៉ោង 08:59:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា