អត្ថបទ៖ កែវ រតនៈ
យោងតាមលិខិតកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានកោះហៅឈ្មោះ ឃន សារិទ្ធ មានទីលំនៅក្នុងភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឱ្យចូលមកការិយាល័យនគរបាលកម្រិតធ្ងន់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨ព្រឹកដើម្បីបំភ្លឺករណីហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ។
ករណីនេះលោក ឃន សារិទ្ធ តំណាងសហគមន៍ការពារព្រៃឈើស្រែពស់ បានប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ថា ដើមចមដែលនាំឱ្យមានការកោះហៅនេះគឺបន្ទាប់ពីកាលពីថ្ងៃទី២១ មានជនមួយក្រុមបានចូលទៅបំផ្លាញសម្ភារៈក្នុងអាស្រមជាទីដែលប្រជាសហគមន៍ និងព្រះសង្ឃគង់ និងស្នាក់នៅដើម្បីចេញល្បាតការពារព្រៃ បន្ទាប់មកនៅថ្ងៃទី២៥ ក៏មានការប្រើអំពើហិង្សាលើប្រជាពលរដ្ឋបណ្ដាលឱ្យសន្លប់១នាក់ ហើយប្រជាពលរដ្ឋក៏លែងហ៊ានទៅសម្រាកនៅទីនោះ ហើយបានប្រមូលសម្ភារៈដែលនៅសល់យកមកទុក លុះដល់ថ្ងៃទី២៨ ខែធ្នូ ខណៈដែលកំពុងប្រមូលសម្ភារៈដែលនៅសល់នោះក៏មានកើតហិង្សា នៅពេលនេមានស្ត្រីម្នាក់រត់មិនរួចក៏ត្រូវបានក្រុមម្ខាងទៀតគប់ត្រូវ ហើយប្តីស្ត្រីរូបនោះឈ្មោះ ប៊ិក ខ្មៅ សមាជិកសហគមន៍ការពារព្រៃឈើស្រែពស់ បានចូលទៅជួយដោយក្នុងដៃមានកាន់កូនកាំបិតក្រវីចុះឡើងក៏ត្រូវចំកងកម្លាំងម្នាក់ដែលកំពុងប្រើហិង្សានោះ។ លោក ឃន សារិទ្ធ បន្តថានៅថ្ងៃទី២៩ មានកម្លាំងមួយក្រុមបានចុះមកចាប់ក្រុមប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏រើបម្រាស់ពីការព្យាយាមចាប់នេះ ហើយនៅពេលដែលមានប្រជាពលរដ្ឋមកច្រើនកម្លាំងទាំងនោះបានហៅគ្នាមកបន្ថែមមានទាំងនគរបាលប៉ុស្តិ៍ និងនគរបាលស្រុកឱរ៉ាល់។ លុះដល់ម៉ោងប្រមណ១០ ព្រឹកក៏បានកោះហៅក្រុមរបស់លោកទៅបំភ្លឺនៅអធិការដ្ឋានស្រុកឱរ៉ាល់ដោយអះអាងថា មិនមានការចាប់ខ្លួនអ្វីនោះទេ ប៉ុន្តែបន្ទាប់ពីលោក ប៊ិក ខ្មៅ ចូលបំភ្លឺក៏មានការឃាត់ខ្លួនតែម្ដង។
សម្រាប់ការស្នើសុំពន្យាពេលចូលបំភ្លឺ លោក ឃន សារិទ្ធ បានលើកឡើងក្នុងពាក្យសុំពន្យាពេលចូលបំភ្លឺរបស់លោកថាបាទមិនអាចចូលទៅឆ្លើយបំភ្លឺទៅតាម ការកោះហៅ បាននៅឡើយទេ ដោយហេតុថាខ្ញុំមានធុរៈផ្ទាល់ខ្លួន និង ទើបតែទទួលបានទទួលលិខិតកោះហៅ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ព្រមទាំងកាលបរិច្ឆេទកំណត់ឲ្យចូលបំភ្លឺនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨ ព្រឹក ជាពេលវេលាខ្លី ពេកហើយ រយៈពេលខ្លីបែបនេះពុំអាចចូលទៅបំភ្លឺបាន ។ ដោយសាខ្ញុំបាទមានធុរៈផ្ទាល់ខ្លួនផង និងមិនទាន់មានមេធាវី ដូចនេះខ្ញុំសុំពន្យាធិកពេល រកមេធាវីផងដែរ ។
ទាក់ទងនឹងករណីនេះ បៃតងប៉ុស្តិ៍មិនទាន់អាចទាក់ទងមន្ត្រីអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឹដើម្បីសុំព័ត៌មានបាននៅឡើយទេ៕
23-ធ្នូ-2024 - ម៉ោង 04:39:PM
17-ធ្នូ-2024 - ម៉ោង 11:00:AM
16-ធ្នូ-2024 - ម៉ោង 11:09:AM
25-វិច្ឆិកា-2024 - ម៉ោង 02:34:PM