សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងរៀបចំដែនដី សម្រេចដោះស្រាយបញ្ហាដីធ្លី១១ករណីជូនដល់សហគមន៍ខេត្តព្រះវិហារ និងខេត្តស្វាយរៀង

07-សីហា-2024 - ម៉ោង 02:09:PM

អត្ថបទ៖ សំនៀង

 

ការសម្រេចនេះយោងតាមជំនួបរវាងថ្នាក់ដឹកនាំ និងសហការី នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រួមទាំងតំណាងសហគមន៍មកពីខេត្តព្រះវិហារ និងខេត្តស្វាយរៀង ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ដើម្បីដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាសហគមន៍ ដែលមានវិវាទជាមួយក្រុមហ៊ុនឯកជន និងអ្នកមានអំណាចជាច្រើនឆ្នាំមកហើយ។

 

បើតាមការលើកឡើងរបស់លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានឱ្យដឹងថា លោក និងក្រុមការងារសមាគម បានសម្របសម្រួលជាមួយតំណាងសហគមន៍ចំនួន៩ ស្ថិតក្នុង ខេត្តព្រះវិហារ ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ជាមួយនឹងក្រុមហ៊ុនឯកជន និងអ្នកមានអំណាច ដែលបានអូសបន្លាយអស់រយៈពេលជាង ២០ឆ្នាំមកហើយ។

 

លោកបានបន្ថែមថា ជាលទ្ធផលនៃដំណើរការដោះស្រាយ សម្របសម្រួល រវាងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងក្រុមការងារក្រសួងដែនដីទទួលបានផលជាវិជ្ជមាន ដោយក្នុងចំណោម៩ករណី ឬសហគមន៍ទទួលយកនូវដំណោះស្រាយក្នុងការបិទបញ្ចប់ ដោយរង់ចាំនីតិវិធីនៃការចុះបញ្ជីដីធ្លីទៅតាមច្បាប់ ដែលរៀបចំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អាជ្ញាធរដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត និងអាជ្ញាធរពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។ លោកបានលើកឡើងថា នេះជាប្រវត្តិសាស្ត្រមួយដែលវិវាទដីធ្លី បានអូសបន្លាយអស់រយៈពេលប្រមាណជាង២០ឆ្នាំ ឈានដល់ការដោះស្រាយបញ្ចប់ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិដីធ្លី និងការប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។

 

អ្នកស្រី យស សោភ័ណ្ឌ តំណាងសហគមន៍ចេកមាស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រាប់បៃតងប៉ុស្តិ៍ថា សម្រាប់សហគមន៍អ្នកស្រីដែលមានបញ្ហារឿងដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ប្រឡាយទឹករបស់ក្រសួងធនធានទឹក និងឧតុនិយមតាំងពី២០០៩ មកដល់ពេលនេះខាងសហគមន៍មិនទាមទារអ្វីច្រើនទេ គឺសុំឲ្យតែមានការផ្ដល់នូវសំណងសមរម្យមួយសម្រាប់ដីដែលរងផលប៉ះពាល់ និងសូមឲ្យក្រសួងរៀបចំដែនដីជួយសម្រួលឲ្យមានការផ្ដល់ជាដីសម្បទានសង្គមកិច្ច ដល់អ្នកដែលគ្មានដីធ្វើស្រែចម្ការ និងទីលំនៅផងដែរ។ អ្នកស្រីបន្ថែមថា ក្រោយពីទទួលបានសំណើរពីសហគមន៍ ក្រុមការងារតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានសន្យាថានឹងសិក្សា ឈានបន្តដល់ការដោះស្រាយជូនដល់សហគមន៍។

 

លោក ជុំ សុភឿត តំណាងសហគមន៍សង្កែ២ ស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់បៃតងប៉ុស្តិ៍ថា ចំណាត់ការរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គឺល្អសម្រាប់សហគមន៍រងគ្រោះដីធ្លី ដោយយកបញ្ហាមកដាក់លើតុដើម្បីពិភាក្សាជុំគ្នាក្នុងការស្វែងរកដំណោះស្រាយរួម ហើយលោកយល់ឃើញថាមួយរយៈនេះក្រសួងមានឆន្ទៈក្នុងការដោះស្រាយជូនសហគមន៍ មិនថាតែសហគមន៍របស់លោកនេះទេ សូម្បីតែសហគមន៍ដីធ្លីផ្សេងទៀតដែលកំពុងមានបញ្ហាក៏ក្រសួងដែនដីព្យាយាមក្នុងការដោះស្រាយជូនពួកគាត់ផងដែរ នេះជាអ្វីដែលលោកមើលឃើញផ្ទាល់ក្នុងការចូលប្រជុំ។ លោកបានបន្តថា សហគមន៍ខេត្តព្រះវិហារសប្បាយចិត្តសម្រាប់ដំណោះស្រាយនេះ ប៉ុន្តែប្រជាសហគមន៍នៅតែតាមដានចំពោះចំណាត់ការនេះ ដើម្បីធានាថាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានធ្វើទៅតាមអ្វីដែលខ្លួនបានសន្យា។

 

គួរបញ្ជាក់ថា ការសម្រេចដោះស្រាយបញ្ហាដីធ្លី១១ករណី គឺស្ថិតក្នុងគម្រោងដោះស្រាយវិវាទដីធ្លីចំនួន ៥៦ ករណីនៅ១៤ ខេត្តដែលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានដាក់ជូនក្រសួងរៀបចំដីធ្លី នគររូបនីយកម្ម និងសំណង់ដើម្បីស្វែងរកដំណោះស្រាយ ៕

 

 

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម