អត្ថបទ៖ សំនៀង
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរំលេចពីវឌ្ឍនភាពនៃរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៤០ រហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមបានក្លាយជាប្រធានបទមួយយ៉ាងសំខាន់របស់ប្រជាពលរដ្ឋក៏ដូចជាគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងសង្គម ដូច្នេះការរួមគ្នាដើម្បីតាមដានត្រួតពិនិត្យ និងផ្តល់ធាតុចូល ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គម ជាពិសេសផ្នែកថែទាំសុខភាពនេះគឺជារឿងមួយដ៏ចាំបាច់បំផុត។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីខាងលើនេះ នៅក្នុងវេទិកាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម ដែលបានរៀបចំនៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានគាំទ្រពេញទំហឹងចំពោះប្រសាសន៍របស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ដែលបានលើកឡើងថា «សុខភាពជាកូនសោគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ»។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិទី៧នេះបានដាក់ចេញនូវប្រព័ន្ធគាំពារសង្គម និងក្របខណ្ឌគោលនយោបាយជាតិមួយដែលប្រែក្លាយកម្មវិធីដែលអនុវត្តទៅលើការអន្តរាគមម្តងម្កាលទៅជាកម្មវិធីមួយដែលផ្អែកទៅលើវដ្តជីវិតរបស់មនុស្សវិញ។
ក្នុងនោះដែរឯកឧត្តម ហេង ហួរ បានមានប្រសាសន៍ថា ការដាក់ចេញនូវរបបផ្នែកសោធននេះបានធ្វើឱ្យរបបសន្តិសុខសង្គមនៅកម្ពុជាកាន់តែមានសង្គតិភាព និងសមធម៌ ដែលនៅពេលនេះទាំងវិស័យឯកជន និងសាធារណៈគឺទទួលបាននូវរបបសន្តិសុខសង្គមដូចគ្នា។ កន្លងទៅវិស័យឯកជន ទទួលបានតែផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ប៉ុន្តែមិនទទួលបានផ្នែកសោធននោះទេ ចំណែកឯកមន្ត្រីសាធារណៈកន្លងទៅបានទទួលផ្នែកសោធន ប៉ុន្តែមិនទទួលបានហានិភ័យការងារ និងផ្នែកសុខភាព ប៉ុន្តែឥឡូវនេះទាំងឯកជន និងសាធារណៈ គឺទទួលបានទាំង៣ផ្នែកដូចគ្នា ដែលការណ៍នេះធ្វើឱ្យកម្ពុជាមានប្រព័ន្ធគាំពារសង្គម ក៏ដូចជាប្រព័ន្ធសន្តិសុខសង្គមមួយមានសង្គតិភាព ហើយធ្វើឱ្យប្រជាពលរដ្ឋ អាចជ្រើសរើសគន្លងអាជីពរបស់ខ្លួនជាមន្ត្រីរាជការក៏បាន ជាមន្ត្រីសាធារណៈក៏បាន ជាអ្នកធ្វើការងារនៅវិស័យឯកជនក៏បាន ពីព្រោះថារបបសន្តិសុខសង្គមទោះបីនៅក្នុងពេលដែលខ្លួនបំពេញការងារនៅក្នុងវិស័យឯកជនក្តី នៅក្នុងវិស័យសាធារណៈក្តីគឺនៅថ្ងៃក្រោយទៅ អាចផ្លាស់ប្តូរគ្នាបាន គឺអាចបូកយោងបន្តគ្នាបាន ដូច្នេះធ្វើឱ្យ មិនមានការផ្តាច់ពីការបង់វិភាគទាន ឬក៏ខាតបង់អត្ថប្រយោជន៍នៅពេលផ្លាស់ប្តូរតួនាទី ឬអាជីពនៅក្នុងជីវិតយើងឡើយ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា ក្រសួងកំពុងធ្វើការងារជាមួយដៃគូពាក់ព័ន្ធផ្សេង ដើម្បីសិក្សាពីបទពិសោធន៍លើការអនុវត្តរបបសន្តិសង្គមផ្នែកនិកម្មកភាពការងារ ដើម្បីឈានទៅរកការដាក់ផែនការសកម្មភាព និងឆ្ពោះទៅរកការអនុវត្តនូវរបបសន្តិសុខសង្គមផ្នែកនិកម្មភាពមួយទៀត។ ឯកឧត្តម ហេង សួរ មានប្រសាសន៍បន្ថែមថា ប្រសិនបើរបបសន្តិសុខសង្គមផ្នែកនិកម្មភាព និងរបបសន្តិសុខសង្គមផ្នែកផ្សេងៗទៀតមានភាពប្រទាក់ក្រឡាគ្នា នឹងធ្វើឱ្យវដ្ដជីវិតបុគ្គលម្នាក់ៗលែងព្រួយបារម្ភពីហានិភ័យផ្សេងៗ៕
20-ឧសភា-2025 - ម៉ោង 01:31:PM
19-ឧសភា-2025 - ម៉ោង 02:38:PM
16-ឧសភា-2025 - ម៉ោង 04:00:PM
13-ឧសភា-2025 - ម៉ោង 09:36:AM