អត្ថបទ៖ វិចិត្រ
អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា កម្ពុជានៅមិនទាន់រកឃើញថាមានខ្យល់ពុលដែលធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពសារធារណៈនៅឡើយទេ ខណៈកន្លងមកមានការរិះគន់ជុំវិញថាក្រសួងបានលាក់បាំងពីបញ្ហាមួយនេះ។
តាមរយៈវីដេអូប្រមាណជាង៥នាទីដែលបានផ្សព្វផ្សារនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះកម្ពុជានៅមិនទាន់រកឃើញមានបញ្ហាខ្យល់ពុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈនៅឡើយនោះទេ បើទោះជារកឃើញថាមានផ្សេងអ័ព្ទខ្លះក៏ដោយចុះ។
ជាមួយគ្នានេះឯកឧត្តមមានប្រសាសន៍ថា ក្រសួងពុំមានចេតនាណាមួយក្នុងការលាក់បាំង ឬផ្សព្វផ្សារនូវព័ត៌មានមិនពិតពីបញ្ហាគុណភាពខ្យល់ ដូចទៅនឹងការរិះគន់របស់សាធារណៈជនមួយចំនួននោះទេ។ ឯកឧត្តមថាការផ្សព្វផ្សាយកន្លងមកគឺក្រសួងធ្វើឡើងយោងទៅលើតែឧបករណ៍វាស់វែងគុណភាពខ្យល់ដែលបានដាក់ពង្រាយនៅទូទាំងប្រទេសប៉ុណ្ណោះ ហើយក្រសួងបានប្រមូលទិន្នន័យទាំងនោះពីឧបករណ៍វាស់វែងគុណភាពខ្យស់ជាប្រចាំ និងធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គម និង APP ចក្រា CGS SPA របស់ក្រសួងបរិស្ថាន។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបានកម្រិតស្តង់ដាគុណភាពខ្យល់ពុលនៅក្នុងប៉ារ៉ាមែត្រសន្ទុះ ៥០ µg/m3 (មីក្រូក្រាម/m3) ទើបជាកម្រិតមួយនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ប៉ុន្តែជារៀងរាល់ថ្ងៃនេះក្រសួងបានរកឃើញគុណភាពខ្យស់តាមរយៈឧបករណ៍វាស់វែងនៅក្នុងកម្រិតត្រឹម៤០ ទៅ៤៥ µg/m3 ប៉ុណ្ណោះ ដូចនេះកម្ពុជានៅធានាបានសុភាពសាធារណៈពីបញ្ហាខ្យល់ពុល។ ដោយឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅប្រទេសកម្ពុជាមួយរយៈចុងក្រោយនេះគុណភាពខ្យល់គឺល្អ ហើយក្រសួងក៏បានសហការជាមួយក្រសួងសុខាភិបាល ក្នុងការផលិតសារអប់រំសុខភាពនៅពេលមានការប្រែប្រួលគុណភាពខ្យល់ណាមួយកើតឡើង។
នៅប៉ុន្មានខែចុងក្រោយនេះខណៈប្រទេសជិតខាងកម្ពុជាដូចជាថៃជាដើមបានជួបបញ្ហាបំពុលពីបរិយាកាស ពលរដ្ឋកម្ពុជាមួយចំនួនក៏បានចេញមុខរិះគន់នៅតាមបណ្តាញទំនាក់ទំនងសង្គមថា ការផ្តល់ព័ត៌មានផ្លូវការរបស់កម្ពុជាស្តីពីគុណភាពខ្យល់ មានភាពយឺតយ៉ាវ និងមានបំណងលាក់បាំង ដែលអាចបណ្តាលឱ្យមានហានិភ័យដល់សុខភាពសាធារណៈ៕
04-មេសា-2025 - ម៉ោង 10:29:AM
26-មិនា-2025 - ម៉ោង 11:35:AM
25-មិនា-2025 - ម៉ោង 02:46:PM
25-មិនា-2025 - ម៉ោង 11:03:AM