អត្ថបទ៖ សំនៀង
រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលរដ្ឋធានីវៀងចន្ទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងគ្នានិងគ្នា ដើម្បីជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ កាន់តែមានភាពរឹងមាំ ល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ វប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀត សម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។ ការចុះហត្ថលេខានេះធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងចន្ទ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងជុំនួបនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីភាពរីកចម្រើន របស់ប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ ដែលបានទទួលភ្ញៀវទេសចរ ប្រមាណ១០លាននាក់ នៅក្នុងឆ្នាំ២០២៤។ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍ កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះ បានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ជាមួយគ្នានេះ ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងចន្ទ ក្នុងឱកាសនោះ បានសម្ដែងនូវការសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ និងបានកត់សម្គាល់ថា រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនល្អណាស់ ហើយនៅតាមបណ្ដាខេត្ត ក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ។
ជាការកត់សម្គាល់គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងឡាវ គឺកាន់តែមានភាពល្អប្រសើរ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា បានធ្វើទស្សនកិច្ចនៅប្រទេសឡាវ ហើយរដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសឡាវ ក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ នេះជាការពូនជ្រុំទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពរឹងមាំបន្ថែមទៀត៕
15-កញ្ជា-2025 - ម៉ោង 04:05:PM
12-កញ្ជា-2025 - ម៉ោង 11:10:AM
11-កញ្ជា-2025 - ម៉ោង 02:00:PM
11-កញ្ជា-2025 - ម៉ោង 11:53:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា