អត្ថបទ៖ កែវ រតនៈ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម វ៉ាង វីនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់នៃការប្រកួតជំនាញកម្រិតពិភពលោកនេះដែលមិនត្រឹមតែផ្ដល់វេទិកាជូនសិស្ស-និស្សិត ដើម្បីបង្ហាញពីសមត្ថភាពជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកមួយដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពការអប់រំបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជំរុញការសិក្សាស្រាវជ្រាវ, ការច្នៃប្រឌិត, ឱកាសពង្រឹងចំណេះដឹង និងជំនាញ, និងការអនុវត្តជាក់ស្ដែងផងដែរ។
បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់ថា ការប្រកួតប្រជែងនេះ នឹងទាក់ទាញយុវជនឱ្យស្រលាញ់នូវជំនាញបច្ចេកទេស និងការច្នៃប្រឌិតផ្សេងៗ ដោយនឹងអាចជួយបង្កើនស្ដុកធនធានជំនាញវ័យក្មេង, ជំរុញការរួមបញ្ចូលគ្នានៃឧស្សាហកម្ម និងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាបង្កើតឱ្យមានវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការជំនាញ ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌។
ឯកឧត្ដមបានសាទរ និងវាយតម្លៃខ្ពស់ចំពោះ ការប្រកួតប្រជែងដ៏សំខាន់ទាំង ៣ ដែលរួមមាន ១.ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ២.បច្ចេកវិទ្យាព័ត៌មានជំនាញថ្មី និង៣.ការផលិតឧបករណ៍វៃឆ្លាត គឺសុទ្ធតែជំនាញមានតម្រូវការខ្ពស់ និងមានភាពចាំបាច់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ដែលជួយជំរុញដល់ការអភិវឌ្ឍេសេដ្ឋកិច្ចជាតិ។
កម្មវិធីប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនបានបង្ហាញសមត្ថភាពក្នុងការបង្កើតថ្មី, បង្ហាញពីមិត្តភាពរឹងមាំជាសកលក្នុងកិច្ចសហប្រតិបត្តិការ និងអនាគតឈ្នះ-ឈ្នះរួមគ្នា, បង្ហាញឱ្យឃើញនូវការខិតខំជំរុញ និងបង្កើនសមត្ថភាពនិស្សិតឱ្យក្លាយជាយុវជនឆ្នើម, ដឹកនាំឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរជាលក្ខណៈអន្តរជាតិ។
សម្រាប់កម្មវិធីប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ មានបេក្ខជនចូលរួមសរុបចំនួន ៦០ក្រុម ក្នុងនោះប្រទេសកម្ពុជាចំនួន ៤០ក្រុមដែលរួមមានវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រទេសឥណ្ឌូនេស៊ីចំនួន ១០ក្រុម, ប្រទេសហ្វីលីពីនចំនួន ៣ក្រុម, ប្រទេសម៉ាឡេស៊ីចំនួន ៣ក្រុម និងប្រទេសថៃចំនួន ៤ក្រុម៕
រូបភាព៖ ក្រសួងការងារ
11-កញ្ជា-2025 - ម៉ោង 02:00:PM
11-កញ្ជា-2025 - ម៉ោង 11:53:AM
01-កញ្ជា-2025 - ម៉ោង 02:10:PM
29-សីហា-2025 - ម៉ោង 11:58:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា