សារព័ត៌មានបៃតងប៉ុស្តិ៍

ខេត្តសៀមរាប រៀបចំពិព័រណ៍ការងារ នាចុងសប្ដាហ៍នេះ ដើម្បីបង្កើតឱកាសបានការងារធ្វើភ្លាមៗ

17-តុលា-2025 - ម៉ោង 09:28:AM

ដោយ៖ កែវ រតនៈ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានឱ្យដឹងបន្តថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៧ ខែតុលា រៀបចំនៅសាលាស្រុកអង្គរជុំ, ថ្ងៃទី ១៨ ខែតុលា នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ និងនៅថ្ងៃទី ១៩ ខែតុលា នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង។

អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងបន្ថែមថា នៅក្នុងពិព័រណ៍នេះ ពលករ ក៏ដូចជាយុវជនអាចដាក់ពាក្យ និងអាចសម្ភាសន៍ការងារភ្លាមៗ ហើយក៏អាចចុះឈ្មោះចូលរៀនជំនាញដែលស័ក្តិសម សម្រាប់បងប្អូនចំនួន ១២ជំនាញ ដោយឥតគិតថ្លៃ ហើយក៏ទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលចូលធ្វើការងារ ដែលរួមមាន៖ អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន។

លោក ស៊ុន មេសា បានអំពាវនាវដល់ពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាយុវជនដែលមិនទាន់ទទួលបានការងារធ្វើ សូមទៅចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ជាច្រើន។

ខេត្តសៀមរាប គឺជាខេត្តទី៣ ហើយ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងកសិកម្ម រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី៣ វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការ​អនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ» 
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម