វិធីសាស្រ្តងាយៗ៣យ៉ាង នៅក្នុងការរៀបចំឯកសារអោយមានសុវត្តិភាពជាងមុន
លោកអ្នកដឹងហើយថាការប្រើកម្មវិធីផ្សេងៗមិនថានៅក្នុងទូរស័ព្ធ ឬកុំព្យូរទ័រតែងតែត្រូវការនូវអង្គចងចាំ( Memory )ដើម្បីផ្ទុកនៅកម្មវិធីទាំងនោះ ដែលនាំអោយមានការយឺតយ៉ាវចំពោះល្បឿននៃដំណើរការនៅក្នុងទូរស័ព្ទ ឬកុំព្យូរទ័រ ហើយថែមទាំងធ្វើអោយថាមពលថ្មមានការចុះខ្សោយទៀតផង មិនត្រឹមតែប៉ុណ្ណោះរាល់កម្មវិធីផ្សេងៗដែលយើងបានធ្វើការ Download វាអាចបង្កជាបញ្ហាអសុវត្តិភាពដល់ឯកជនភាពរបស់លោកអ្នក តាមរយ:ការលួចឆែកក្នុងប្រព័ន្ធកម្មវិធីដែលលោកអ្នកបាន Download មកនោះ ដូច្នេះដើម្បីការពារសុវត្តិភាពឯកសារក៏ដូចជាភាពឯកជនភាពរបស់លោកអ្នកពីការលួចចូលតាមរយ:ប្រព័ន្ធអេឡិចត្រូនិច លោកអ្នកអាចប្រើប្រាស់នូវវិធីសាស្រ្តាងាយៗ ៣យ៉ាងខាងក្រោម៖
១- លុបកម្មវិធី៣ ដែលអ្នកមិនដែលប្រើចេញពីឧបករណ៍អ្នក
ការកាត់បន្ថយចំនួនកម្មវិធី និងប្រើតែកម្មវិធីណាដែលចាំបាច់សម្រាប់ការងារប្រចាំថ្ងៃ នឹងជួយឱ្យឧបករណ៍អ្នកដំណើរការបានរលូន និងធ្វើឱ្យអ្នកមានសុវត្ថិភាពជាងមុន។ សាកល្បងកំណត់កាលវិភាគ ក្នុងការលុបកម្មវិធីដែលអ្នកមិនប្រើ ក្នុងរយៈពេលពីរ ឬបីសប្តាហ៍ និងបន្តអនុវត្តឱ្យក្លាយជាទម្លាប់ នោះនឹងជួយឱ្យអ្នកគិតយ៉ាងប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តទាញយក និងតម្លើងកម្មវិធីណាមួយចូលក្នុងឧបករណ៍អ្នក។
២- ធ្វើបច្ចុប្បន្នភាពជាប្រចាំ (Update, Update, Update)
នេះជាវិធីដ៏សំខាន់បំផុត ជួយការពារអ្នកឱ្យមានសុវត្តិភាព ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើនបានមើលរំលង និងតែងតែបដិសេធនៅពេលដែលមានការជូនដំណឹងពីការធ្វើបច្ចុប្បន្នភាពនេះ។ ប្រសិនបើអ្នកមិនចុច update ដើម្បីជៀសវាងកុំឱ្យឧបករណ៍របស់អ្នកបិទ ឬពន្យារពេល update ដោយសារអ្នកគិតថាវាជាការរំខាន ឬរំលងការ update ព្រោះតែអ្នកកំពុងប្រើកម្មវិធីដែលមិនមានអាជ្ញាបណ្ណ (Cracked Software) នោះអ្នកក៏នឹងបាត់បង់ ការទទួលបាននូវមុខងារការពារថ្មីបំផុតពីកម្មវិធីទាំងនោះផងដែរ។
សូមចំណាយពេលឥឡូវនេះ ដើម្បីពិនិត្យមើលប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីផ្សេងៗនៅក្នុងឧបករណ៍អ្នក ធ្វើបច្ចុប្បន្នភាពជាបន្ទាន់ ដើម្បីឱ្យប្រាកដថាគ្រប់កម្មវិធីទាំងអស់កំពុងដំណើរលើជំនាន់ចុងក្រោយរបស់ខ្លួន។ ត្រូវចាំថា ដើម្បីសុវត្ថិភាព អ្នកមិនត្រូវប្រើកម្មវិធីដែលគ្មានអាជ្ញាបណ្ណ (Cracked Software) និងត្រូវទាញយកតែកម្មវិធី ពីប្រភពផ្លូវការរបស់កម្មវិធីនោះប៉ុណ្ណោះ។
ប្រសិនបើ ឧបករណ៍អ្នកចាស់ពេក មិនអាចទទួលយកការធ្វើបច្ចុប្បន្នភាពជំនាន់ថ្មីៗ នោះក៏មានន័យថា ឧបករណ៍នោះក៏មិនសូវមានសុវត្ថិភាពដែរ បើមានលទ្ធភាព អ្នកគួរពិចារណា ទិញឧបករណ៍ថ្មីជំនួសវិញ។
៣- បម្រុងទុកអ្វីដែលសំខាន់ (Backup)
អ្នកត្រូវកំណត់ ព័ត៌មានឬ ទិន្នន័យណាសំខាន់សម្រាប់អ្នក ហើយធ្វើការបម្រុងទុក ឬ Backup ទិន្នន័យនោះឥឡូវនេះ និងអនុវត្តការបម្រុងទុកទិន្នន័យឱ្យបានជាប្រចាំ។ ចាប់ផ្តើមជាមួយទូរស័ព្ទ ដែលអ្នកកំពុងប្រើ អ្នកត្រូវគិតថា ប្រសិនបើអ្នកបាត់វា តើអ្នកដឹងពីរបៀបក្នុងការហៅត្រលប់មកវិញនូវបញ្ជីទំនាក់ទំនង (contact list) ដែលមាននៅក្នុងទូរស័ព្ទនោះទេ? ចុះរូបថតរបស់អ្នកវិញ តើវានឹងបាត់ទៅតាមទូរស័ព្ទនោះដែរឬទេ? ចុះគណនី ដូចជា Facebook, Telegram តើអ្នកដឹងពីរបៀបយកវាមកប្រើឡើងវិញលើទូរស័ព្ទថ្មីដែរទេ? សូមស្វែងរក របៀបក្នុងការអនុវត្តខាងលើបន្ថែមនៅលើគេហទំព័រ DigitalHub101 របស់យើង។
វិធីសាស្ត្រទាងនេះនឹងជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធនៅក្នុងទូរស័ព្ទ ឬកុំព្យូទ័ររបស់លោកអ្នក អោយមានសុវត្តិភាព និងមានដំណើរការរហ័សជាងមុន ។
ដោយ៖ អ៊ន អៀងមួយ
ប្រភព៖ ហ្វេសបុកផេក DigitalHub 101
24-មិថុនា-2024 - ម៉ោង 08:25:PM
05-មិនា-2024 - ម៉ោង 11:34:PM
03-គុម្ភះ-2024 - ម៉ោង 10:01:AM
02-គុម្ភះ-2024 - ម៉ោង 09:28:AM