អត្តបទ៖ យូ វាសនា
នៅយប់ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍តាមរយៈ បណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចដោយ អំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរចូលទៅប្រើប្រាស់កម្មវិធី CoolApp លើកទឹកចិត្តស្នាដៃកូនខ្មែរ និងដើម្បីសម្រាប់សុវត្ថិភាពសន្តិសុខជាតិ។
សម្តេច មានប្រសាសន៍ថា« ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។ គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។
សម្ដេចតេជោបន្តថា«រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់គួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។
សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖ ១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។ ៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។ សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។»
គួរបញ្ជាក់ថា កន្លងមកក៏មានកូនខ្មែរមួយចំនួនបានបង្កើត APP បណ្ដាញសង្គមដើម្បីប្រើប្រាស់ផងដែរប៉ុន្តែមិនសូវមានអ្នកនិយមប្រើប្រាស់ក៏ហាក់ស្ងប់ស្ងាត់ទៅវិញ៕
24-មិថុនា-2024 - ម៉ោង 08:25:PM
05-មិនា-2024 - ម៉ោង 11:34:PM
03-គុម្ភះ-2024 - ម៉ោង 10:01:AM
02-គុម្ភះ-2024 - ម៉ោង 09:28:AM