អត្តបទ៖យូ វាសនា
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថាយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិ៤បានចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានគណបក្សនយោបាយទាំង៥ គឺ គណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្ស កម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ឯការបោះឆ្នោតគឺប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤
ឯកឧត្តម យិច សមិទ្ធិ សមាជិកគ.ជ.ប បានមានប្រសាសន៍ថា គណបក្សនយោបាយដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ៥ មានសិទ្ធិឃោសនារកសំឡេងឆ្នោតដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត សេចក្ដីណែនាំ ស្ដីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា ទៅវិញទៅមក។
ឯកឧត្តម យិច សមិទ្ធិ បន្តថា គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅ គធ.ខប យ៉ាងតិចឱ្យបាន៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ គណបក្សនយោបាយដែល បានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត អាចហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ នៅមណ្ឌលរាជធានី ខេត្តបាន យ៉ាងច្រើន ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការហែក្បួនឃោសនាបោះឆ្នោតឆ្លងរាជធានី ខេត្ត មិនត្រូវបានអនុញ្ញាតឡើយ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលក្នុងមួយអាណត្តិមាន៥ឆ្នាំនេះគឺជាការបោះឆ្នោតអសកលដែលមិនអាចឱ្យប្រជាពលរដ្ឋខ្មែរទូទៅមានសិទ្ធិបោះបាននោះទេ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងសរុបប្រមាណ ១២.០០០ នាក់។ ដោយឡែកអាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌមានចំនួន ៤.២០០ នៅទូទាំង ២៥ ខេត្ត រាជធានី៕
រូបភាព៖បណ្ដាញសង្គម
22-វិច្ឆិកា-2024 - ម៉ោង 11:28:AM
21-វិច្ឆិកា-2024 - ម៉ោង 09:10:AM
20-វិច្ឆិកា-2024 - ម៉ោង 01:33:PM
31-តុលា-2024 - ម៉ោង 04:20:PM