សារព័ត៌មានបៃតងប៉ុស្តិ៍

នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា អង្គការអុកស្វាមស្នើរឱ្យមានបទឈប់បាញ់​ជាបន្ទាន់ ដើម្បីបញ្ឈប់ការជម្លៀស និងបញ្ចប់ទុក្ខវេទនារបស់ជនស៊ីវិល

26-ធ្នូ-2025 - ម៉ោង 05:19:PM

 ដោយ៖ វិចិត្រ

 

អង្គការអុកស្វាម អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការការពារពេញលេញដល់​ជនស៊ីវិលដែលរងផលប៉ះពាល់ដោយអរិភាពព្រំដែនកម្ពុជា-ថៃ។ អំពើហិង្សា កំពុង​បង្ក​គ្រោះថ្នាក់ដែលមិនអាចទទួលយកបាន ជំរុញឱ្យមានការជម្លៀសចេញរបស់ប្រជាជនជាង ៦៣ម៉ឺន នាក់ និងកាត់ផ្តាច់លទ្ធភាពទទួលបានអាហារ ការថែទាំសុខភាព ការអប់រំ និងជីវភាពរស់នៅសមរម្យ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន​ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។  

 

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលខាងលើ អង្ការអុកស្វាមបានឱ្យដឹងថា ជនភៀសសឹក ដែលភាគច្រើនជាស្ត្រី និងកុមារ កំពុងរស់នៅក្នុងភាពភ័យខ្លាចទោះជានៅក្នុង មណ្ឌលសុវត្ថិភាព រត់គេចពីការវាយប្រហារតាមអាកាស ការទម្លាក់គ្រាប់បែក ផ្សែងពុល និងជ្រួនសើបការណ៍។ ជម្លោះនេះបានបំផ្លិចបំផ្លាញជីវិត និងការចិញ្ចឹមជីវិតរបស់ជនស៊ីវិល បំផ្លាញផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព ផ្សារ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់វប្បធម៌ និងសាសនា។ ជម្លោះប្រដាប់អាវុធក្នុងរដូវ ប្រមូលផលកសិកម្ម កំពុងបំផ្លាញដំណាំ រាំងស្ទះដល់ការប្រមូលផល គំរាមគំហែងដល់សន្តិសុខស្បៀង និង ប្រាក់ចំណូល និងរំខានដល់ប្រតិបត្តិការមនុស្សធម៌ ដោយបានបង្អាក់ការចូលទៅដល់តំបន់ដែលមានតម្រូវ ការចាំបាច់របស់ស្ថាប័នផ្តល់ជំនួយមនុស្សធម៌។

 

ជាមួយគ្នានេះ អង្គការអុកស្វាម បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះពលរដ្ឋដែលបានបាត់បង់ សមាជិក​គ្រួសារ និងមនុស្សជាទីស្រលាញ់។ អង្គការអុកស្នាម អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ បញ្ឈប់ការប្រើប្រាស់អាវុធគ្រប់ប្រភេទ ដើម្បីកាត់បន្ថយទុក្ខវេទនារបស់ជនស៊ីវិល និងទប់ស្កាត់វិបត្តិមនុស្សធម៌ដែលកាន់តែអាក្រក់ឡើងរវាងប្រទេសទាំងពីរ។ ភាគីទាំងអស់ត្រូវតែបន្ថយភាពតានតឹង រក្សាច្បាប់មនុស្សធម៌អន្តរជាតិ និងចាត់វិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បីបញ្ចប់អរិភាពតាមរយៈការអនុវត្តសេចក្តី ប្រកាសរួមរបស់ទីក្រុងគូឡាឡាំពួរ។

 

អង្គការអុកស្វាមបានបញ្ជាក់ជំហរនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនឈរក្នុងសាមគ្គីភាព​ជាមួយសហគមន៍ប្រជាជនដែលរងគ្រោះ និងដៃគូដែលរងផលប៉ះពាល់។ យើង​ទាម​ទារ​ឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងបើកចំហសម្រាប់​ការសន្ទនាដែលឈរ​លើ​សេចក្តី​ថ្លៃថ្នូរ គណនេយ្យភាព និងសន្តិភាពរបស់មនុស្សជាតិ និងស្តារឡើងវិញនូវសិទ្ធិ កសាងជីវ​ភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋស្លូតត្រង់ដែលជាជនរងគ្រោះ។

 

គិតមកត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល២០ថ្ងៃហើយដែលយោធាថៃបានបង្កសង្គ្រាមឈ្លានលើអធិបតេយ្យកម្ពុជា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័​ន្ធស៊ីវិលជាច្រើន សំណង់អគារ ផ្ទះសម្បែង ទីវត្តអារាមព្រះពុទ្ធសាសនា មន្ទីរពេទ្យ សាលារៀន និងស្ពានជាដើម ដែលបម្រើដល់ផលប្រយោជន៍ស៊ីវិល មិនមែនយោធា៕

 

 

ព័ត៌មានទាក់ទង

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់ ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន សាលារៀន និងមន្ទីរពេទ្យជាច្រើននៅបន្តបិទទ្វារក្នុងខេត្តព្រះវិហារ អង្គការទស្សនៈពិភពលោកនាំយកគ្រាប់ពូជ និងសម្ភារៈសួនបន្លែផ្ដល់ជូនទីតាំងចំនួន១០កន្លែង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ? នៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា អង្គការអុកស្វាមស្នើរឱ្យមានបទឈប់បាញ់​ជាបន្ទាន់ ដើម្បីបញ្ឈប់ការជម្លៀស និងបញ្ចប់ទុក្ខវេទនារបស់ជនស៊ីវិល
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម