អត្ថបទ៖ កែវ រតនៈ
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់តំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) និងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាភិបាល/អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង, តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងសមត្ថកិច្ច និងបងប្អូនកម្មករសាងសង់ជាច្រើនរូប។
គម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) និងស្ពាននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ឆ្លងកាត់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស .២០២៥ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ស្ពាននេះជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានខ្ពស់ជាងគេនេះ ជាស្ពានទី២៨ ក្នុងចំណោមស្ពានសរុបចំនួន៣២ ដែលសាងសង់សម្រេចបាន៩៨% មានប្រវែង៥៣៧ម កម្ពស់៩០ម(ដោយគិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹងស្ពានទាំងសងខាងមានប្រវែង១០ម និងចំណុចកណ្តាលសងខាង នៃស្ពានមានទីធ្លាសម្រាប់សំចតថតរូបអនុស្សាវរីយ៍មានទទឹងសរុប១៥ម(ក្នុងប្រវែងសរុប១០ម ពង្រីកម្ខាង ២,៥ម)៕
រូបភាព៖ ក្រសួងសាធារណការ
12-មេសា-2025 - ម៉ោង 01:11:PM
10-មេសា-2025 - ម៉ោង 10:21:AM
09-មេសា-2025 - ម៉ោង 05:06:PM
09-មេសា-2025 - ម៉ោង 11:44:AM