សារព័ត៌មានបៃតងប៉ុស្តិ៍

អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

28-វិច្ឆិកា-2025 - ម៉ោង 11:19:AM

ដោយ៖ កែវ រតនៈ

អង្គការអុកស្វាម សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូ រួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីពី “គាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន” នៅភ្នំពេញនៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ វេទិកានេះធ្វើឡើងបន្ទាប់ពីវេទិកាថ្នាក់តំបន់ចំនួន ៣ ដែលរៀបចំឡើងនៅខេត្តកំពង់​ស្ពឺ រតនគិរី និងសៀមរាប និងបានប្រមូលផ្តុំអ្នកពាក់ព័ន្ធប្រមាណ ២៥០ នាក់ រួមមានថ្នាក់ដឹកនាំ​សហគមន៍ អ្នកបង្កើតគោលនយោបាយ តំណាងកម្មករ និងអ្នកជំនាញ។

វេទិកានេះ គូសបញ្ជាក់ពីតម្រូវការជាបន្ទាន់ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា ដើម្បីធានាបាននូវតម្លាភាព បរិយាប័ន្ន យេនឌ័រ និងភាពធន់នឹងអាកាសធាតុ។ ទាំងនេះគឺជាសសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងសមធម៌។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ក្នុងសុន្ទរកថាពេលបើកកម្មវិធីថា “ភាពធន់ និងភាពជាអ្នកដឹកនាំរបស់ប្រជាជន​ទូទាំងប្រទេសកម្ពុជាត្រូវតែជាចំណុចកណ្តាលនៃការឆ្លើយតបរបស់យើង ចំពោះបញ្ហាប្រឈមនៃអន្តរកាល និងបរិស្ថាន។ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញាចិត្តចំពោះសមធម៌ សេចក្តីថ្លៃថ្នូរ និងការការពារសម្រាប់ទាំងអស់គ្នា ជាពិសេសអ្នកដែលងាយរងផលប៉ះពាល់ខ្លាំងបំផុតពីការផ្លាស់ប្តូរបរិស្ថាន និងសេដ្ឋកិច្ច។"

លោក សុខ ពិទូរ្យ ប្រធានកម្មវិធីអង្គការអុកស្វាម បានមានប្រសាសន៍ក្នុងមតិស្វាគមន៍របស់លោកថា “ការផ្លាស់ប្តូរដែលយុត្តិធម៌ត្រូវតែធានាថា កម្មករស្ត្រីពីគ្រប់ផ្នែកមិនត្រូវបានទុកចោលនោះទេ។ នៅពេលដែលសង្គមផ្លាស់ប្តូរទៅរកការងារបៃតង ថាមពលស្អាត និងសេដ្ឋកិច្ចបៃតងកាន់តែរឹងមាំ កម្ពុជាត្រូវតែកសាងប្រព័ន្ធដែលមានគណនេយ្យភាព និងប្រកបដោយបរិយាប័ន្ន តាមរយៈការសន្ទនាក្នុងចំណោមអ្នកផ្តល់សេវាសន្តិសុខសង្គម ថ្នាក់ដឹកនាំក្នុងតំបន់ និងកម្មករ។"

បើតាមអង្គការអុកស្វាម ប្រទេសកម្ពុជា ក៏ដូចជាប្រជាជាតិអាស៊ីអាគ្នេយ៍ជាច្រើនទៀតដែរ ប្រឈមមុខនឹងផលប៉ះពាល់អាកាសធាតុធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់និរន្តរភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យកសិ-ស្បៀងអាហារ។ ក្រុមដែលងាយរងគ្រោះរួមមាន ស្ត្រី មនុស្សចាស់ ជនពិការ និងសហគមន៍ជនជាតិដើមភាគតិច តែងតែខ្វះយន្តការការពារគ្រប់គ្រាន់៕

         

ព័ត៌មានទាក់ទង

សហជីព និងកម្មករនិយោជិតថ្លែង​អំណរគុណ​សម្ដេច​ធិបតី ដែលតែងតែយក​ចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ ក្រសួងកសិកម្ម​​ រៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦ បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥ អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើ​ធៀបនឹងឆ្នាំ២០២៤ ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត ADB ផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់កែលម្អវិស័យធារាសាស្ត្រកសិកម្ម កំពីងពួយ ក្នុងខេត្តបាត់ដំបង ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ ក្រសួងពាណិជ្ជកម្មនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនសរុបជាង៣ពាន់អ្នកនាក់ ទទួលបានកាសឱការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម