សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថា ខេត្តចំនួន៥រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ខណៈខេត្តចំនួន២រងការខូចខាតខ្លាំង

7 ម៉ោងមុន

អត្ថបទ៖ វិចិត្រ

 

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា គិតត្រឹមថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២៥ មានខេត្តចំនួន៥ ដែលកំពុង​ទទួលរងផលប៉ះពាល់ដោយសារគ្រោះ​ជំនន់ទឹកភ្លៀង គឺ ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបន្តថា ក្នុងនោះមានខេត្តចំនួនពីរដែលបានរងផលខូចខាតខ្លាំងទៅលើដំណាំស្រូវ ដែលមានផ្ទៃដីខូចខាតសរុបចំនួន ៩២៧ ហិកតា រួមមានខេត្តកំពង់ធំខូចខាតចំនួន ៨១៣ ហិកតា និងខេត្តបន្ទាយមានជ័យខូចខាតចំនួន ១១៤ ហិកតា។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា តាមការពិនិត្យ និងវាយតម្លៃនៅខេត្តកំពង់ធំ ផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវសរុប ២ ២១០ ហិកតា ស្មើនឹង ២ ០៨២ គ្រួសារ  ក្នុងស្រុកចំនួន៥ ដែលស្រុកទាំងនោះរួមមាន ស្រុកប្រាសាទសំបូរ មាន៥ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ៤៨៧ ហិកតា ស្រុកកំពង់ស្វាយ មាន៧ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១ ១៦៦ ហិកតា ស្រុកសណ្តាន់ មាន២ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២២៩ ហិកតា ស្រុកស្ទោង មាន៥ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១៤៦ ហិកតា និងស្រុកសន្ទុក មាន១ឃុំ គឺឃុំត្បូងក្រពើ ដែលប៉ះពាល់ដំណាំស្រូវចំនួន ១៨២ ហិកតា។

 

ឯកឧត្តម តូច ប៊ុនហួរ​ បញ្ជាក់បន្ថែមថា ស្រូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដើមរដូវវស្សានេះ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ហើយស្រែភាគច្រើនធ្វើក្នុងអាងស្តុកទឹក និងបឹងធម្មជាតិ ដោយបានដាំដុះតាំងពីចុងខែមីនា និងខែមេសា។ ឯកឧត្តមបន្ថែមទៀតថា រដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ជាពិសេសភ្លៀងបានចាប់តាំងពីខែមេសា ទឹកបឹងកើនឡើងលឿន បណ្តាលឱ្យលិចលង់ស្រូវដំណាក់កាលដាក់គ្រាប់ និងមួយចំនួនបានទុំ ត្រៀមនឹងប្រមូលផល ប៉ុន្តែការលិចលង់មានរយៈពេលយូរថ្ងៃពេក បណ្តាលឱ្យមានការខូចខាតច្រើន៕

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថា ខេត្តចំនួន៥រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ខណៈខេត្តចំនួន២រងការខូចខាតខ្លាំង រាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីឆន្ទះក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ដើម្បីសុំការគាំទ្រពីសមាជព្រឹទ្ធសភា-រដ្ឋសភា ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបតំណាងសហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងសហគម៍កសិករប្រើប្រាស់ទឹក នៅខេត្ដបាត់ដំបង ក្រសួងកសិកម្មអះអាងថា ពុំទាន់មានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ នៅកម្ពុជាទេ ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម