អត្ថបទ៖ កែវ រតនៈ
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ កន្លែងឧបទ្ទវហេតុលេចធ្លាយប្រេងម៉ាស៊ូត ចេញពីស៊ីទែនផ្ទុកប្រេង ដឹកតាមទូររថភ្លើង និងបានធ្លាក់ចេញពីផ្លូវរត់ នៅក្នុងភូមិទួលតាឯក សង្កាតទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពីត្រួតពិនិត្យឯកឧត្តម បានដឹកនាំឱ្យក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុន រៀបចំវិធាន
ការទប់ស្កាត់ ការហូរសាយភាយប្រេងទៅទីតាំងផ្សេងទៀត ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង ចំនួនបីកន្លែងសំខាន់ៗ តាមប្រឡាយរំដោះទឹកភ្លៀង និងធ្វើការសម្អាត ជាប្រចាំ ដើម្បីការពារការលេចចូលទៅប្រព័ន្ធលូ និងតំបន់ទឹកសាធារណៈ និងធ្វើឱ្យប្រព័ន្ធរំដោះទឹក ដែលរងប៉ះពាល់ ចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកន្លែងកើតហេតុស្អាតឡើងវិញ ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យ ក្រុមការងារប្រើប្រាស់គ្រឿងចក្រ កាយប្រមូលសំណាក ដែលដក់ជាប់ជាមួយតំណក់ប្រេងចេញពីដីប្រឡាយ និង ស្តារប្រឡាយឱ្យស្អាត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រើប្រាស់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យក្រុមការងារត្រូវចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឱ្យបាន ច្បាស់លាស់ ដើម្បីពិនិត្យនិងដោះស្រាយការខូចខាតបរិស្ថាន និងធានាដល់ភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសការស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន មានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
កាលពីរសៀលថ្ងៃទៅ១៦ ខែសីហា ឆ្នាំ២០២៥ ស៊ីទែនប្រេងដឹកតាមទូរថភ្លើង ចំនួនបួន បានធ្លាក់ចេញពីរថភ្លើង ដោយឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវ ស៊ីនទែនមានប្រេងម៉ាស៊ូត ចំណុះ ៣៦០០០ លីត្រ ត្រូវបានដឹកតាមទូរថភ្លើងនីមួយៗ បានលេចចេញមកក្រៅ ប្រហែល ៧០០០០ លីត្រ ក្នុងនោះប្រេងប្រហែល ១០០០០ លីត្រ ត្រូវបានប្រជាជនចុះប្រមូលយក។ ក្រៅពីនេះ ប្រេងដែលលេចធ្លាយមួយចំនួនបានហូរចូលក្នុងប្រឡាយរំដោះទឹកភ្លៀង ដោយបានរាយបាយចម្ងាយ ៥០០ មែត្រពីទីតាំងលេចធ្លាយ និងមួយចំនួនហូរចូលក្នុងរណ្តៅនៅម្ខាងទៀតនៃផ្លូវរថភ្លីង៕
រូបភាព៖ បណ្ដាញសង្គម
04-កញ្ជា-2025 - ម៉ោង 12:59:PM
03-កញ្ជា-2025 - ម៉ោង 03:10:PM
18-សីហា-2025 - ម៉ោង 02:16:PM
18-សីហា-2025 - ម៉ោង 10:59:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា